














នាព្រឹកថ្ងៃអង្គារ ៩កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធស័ករាជ២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ ដឹកនាំដោយលោកជំទាវ ឃួន ឃុនឌី អនុប្រធានក្រុម តំណាងឯកឧត្តមបណ្ឌិត នាង ផាត ប្រធានក្រុម បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ស្មៀនឃុំ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សរុបចំនួន៧២នាក់ នៅសាលាស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្នុងគោលបំណងផ្សារភ្ជាប់ និងរួមប្រាស្រ័យទំនាក់ទំនងឱ្យកាន់តែជិតស្និតជាមួយអង្គបោះឆ្នោត ដើម្បីពង្រឹងការអនុវត្តតួនាទីរបស់ក្រុមប្រឹក្សាឃុំ ឈ្វេងយល់ និងផ្លាស់ប្តូរយោបល់ និងរួមគ្នាដោះស្រាយបញ្ហាប្រឈម និងសំណូមពរនានា។
បន្ទាប់ពីស្តាប់សេចក្តីរាយការណ៍ដោយសង្ខេប អំពីស្ថានភាពទូទៅ និងការងារសំខាន់ៗរបស់រដ្ឋបាលស្រុកជាំក្សាន្ត រួចមក លោកជំទាវ ឃួន ឃុនឌី បាននាំយកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខប្រកបដោយការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ថ្នាក់ដឹកនាំព្រឹទ្ធសភា និងឯកឧត្តមបណ្ឌិត នាង ផាត ប្រធានក្រុម ដោយក្តីនឹករលឹកជូនដល់អាជ្ញាធរ និងប្រជាពលរដ្ឋក្នុងស្រុកជាំក្សាន្ត។ លោកជំទាវ ក៏បានបន្តជំរុញដល់ក្រុមប្រឹក្សាឃុំ យកចិត្តទុកដាក់លើការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ និងការអនុវត្តគម្រោងមូលនិធិឃុំ ប្រកបដោយតម្លាភាព និងគណនេយ្យភាព។
លោកជំទាវ បានជម្រាបជូនអង្គពិធីអំពីសាវតារ រចនាសម្ព័ន្ធ តួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់ព្រឹទ្ធសភា ផ្តោតលើការអនុវត្តមុខងារស្នូលទាំងបីគឺ ១. មុខងារនីតិកម្ម ២. មុខងារតាមដានការអនុវត្តច្បាប់ ៣. មុខងារតំណាង និងបានគូសបញ្ជាក់អំពីអាទិភាពចម្បងចំនួន២បន្ថែមទៀតរបស់ព្រឹទ្ធសភានីតិកាលទី៥ គឺទី១.ការលើកកម្ពស់ការទូតសភា និងទី២.ការរួមប្រាស្រ័យឱ្យកាន់តែជិតស្និទ្ធជាមួយអង្គបោះឆ្នោត ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាតំណាងដ៏ពិតប្រាកដរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
លោកជំទាវ អនុប្រធានក្រុម បានវាយតម្លៃខ្ពស់ចំពោះការអនុវត្តការងារប្រកបដោយការទទួលខុសត្រូវ និងសូមកោតសសើរចំពោះលទ្ធផលដែលទទួលបានគួរឱ្យកត់សម្គាល់។ លោកជំទាវ បានលើកទឹកចិត្តដល់ប្រឹក្សាឃុំ ទាំងអស់ឱ្យបន្តយកចិត្តទុកដាក់ដោះស្រាយរាល់បញ្ហាប្រឈមផ្សេងៗ ជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។
លោកជំទាវ បានបន្តមានប្រសាសន៍ថា ចំពោះបញ្ហាប្រឈម និងសំណូមពរនានារបស់អាជ្ញាធរស្រុក និងក្រុមប្រឹក្សាឃុំ បានលើកឡើង ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ នឹងធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំព្រឹទ្ធសភា និងគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដើម្បីលើកជាអនុសាសន៍ជម្រាបដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ក្នុងការដោះស្រាយបន្តជូនមូលដ្ឋាន។
ប្រភព៖ នាយកដ្ឋានព័ត៌មាន