




គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃព្រឹទ្ធសភា (គណៈកម្មការទី៥) បានជួបប្រជុំផ្ទៃក្នុងប្រចាំខែ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង ដើម្បីពិនិត្យរបាយការណ៍សកម្មភាពការងារប្រចាំខែកញ្ញា, នព្វមាស ឆ្នាំ២០២៦ និងចន្លោះសម័យប្រជុំលើកទី៥ និងទី៦ ព្រឹទ្ធសភា នីតិកាលទី៥ របស់គណៈកម្មការទី៥។ ជាមួយគ្នានេះដែរ អង្គប្រជុំ ក៏បានពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួនបួន រួមមាន ៖
(១.) សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារសេប៊ូធ្វើវិសោធនកម្មធម្មនុញ្ញនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន),
(២.) បុព្វសិទ្ធិ និងអភ័យឯកសិទ្ធិ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីបុព្វសិទ្ធិ និងអភ័យឯកសិទ្ធិនៃលេខាធិការដ្ឋាន បុគ្គលិក និងតំណាងរបស់សមាជិកនៃសន្និសីទស្តីពីអន្តរសកម្មភាពនិងវិធានការកសាងទំនុកចិត្តនៅអាស៊ី(CICA),
(៣.) កិច្ចសហប្រតិបត្តិការកម្ពុជា-រុស្ស៊ី ៖ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី ស្តីពីការការពារពលរដ្ឋទៅវិញទៅមកក្នុងវិស័យយុត្តិធម៌ព្រហ្មទណ្ឌអន្តរជាតិ និង
(៤.)ច្បាប់ស្តីពីមេធាវីវិសោធនកម្មច្បាប់ស្តីពីលក្ខន្តិកៈមេធាវី។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតប្រធានបានណែនាំមន្ត្រីជំនួយការគណៈកម្មការទី៥ ឱ្យខិតខំពង្រឹងការងាររដ្ឋបាល និងរៀបចំការងារច្បាប់ដែលត្រូវមកដល់ព្រឹទ្ធសភាឱ្យកាន់តែមានប្រសិទ្ធភាព។
កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅរសៀលថ្ងៃពុធ ១២កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ នៅបន្ទប់ប្រជុំគណៈកម្មការទី៥ នៃព្រឹទ្ធសភា។
ខ្លឹមសារ៖ គណៈកម្មការទី៥ព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាន