ក្រុមសមាជិកាព្រឹទ្ធសភា អញ្ជើញកាន់បិណ្ឌវេនទី៧ នៅវត្តកោះកែវបារាយណ៍រតនារាម ខេត្តសៀមរាប និងវត្តគន្ធារាមគោកមន ខេត្តឧត្តរមានជ័យ
 
ចែករំលែក ៖

ក្នុងឱកាសនៃបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមសមាជិកាព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានក្រុម បានអញ្ជើញនាំយកនូវទេយ្យទាន ទេយ្យវត្ថុ គ្រឿងឧបភោគ បរិភោគ ចង្ហាន់បិណ្ឌបាត្រ និងបច្ច័យ ចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៧ នៅវត្តកោះកែវបារាយណ៍រតនារាម (វត្តខ្នាតរស្សី) ស្ថិតក្នុងស្រុកពួក ខេត្តសៀមរាប និងវត្តគោកមន ស្ថិតក្នុងឃុំគន្ធារាមគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។
នាឱកាសដ៏ថ្លៃថ្លានោះ ក្រុមសមាជិកាព្រឹទ្ធសភា បានអញ្ជើញថ្វាយនូវគ្រឿងសក្ការៈបូជា ទៀន ធូប ផ្កាភ្ញី និងប្រារព្ធកិច្ចបទនមស្ការព្រះរតនត្រ័យ សមាទានសីល និមន្តព្រះសង្ឃសូត្រព្រះធម៌ស្វាធ្យាយ ចម្រើនព្រះបរិត្ត និងពុទ្ធជ័យមង្គល ព្រមទាំងនាំយកចង្ហាន់ ទេយ្យទាន គ្រឿងបរិក្ខារ វេរប្រគេនព្រះសង្ឃឧទ្ទិសមហាកុសលជូនដួងវិញ្ញាណក្ខន្ធវីរកងទ័ពដ៏អង់អាចក្លាហាន ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិ ការពារបូរណភាពទឹកដី ក្នុងអំឡុងពេលនៃជម្លោះព្រំដែនកម្ពុជា-ថៃ ព្រមទាំងឧទ្ទិសមហាកុសលជូនដល់ញាតិការទាំងប្រាំពីរសន្តាន ឥស្សរជន និងយុទ្ធជន ដែលបានពលីជីវិតដើម្បីជាតិមាតុភូមិ។
ក្រុមសមាជិកាព្រឹទ្ធសភា បានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យនិងវត្ថុសក្តិសិទ្ធិ សូមអភិបាលរក្សានិងឃុំគ្រងវីរកងទ័ពកម្ពុជាយើងដែលកំពុងសម្រាកព្យាបាល ឱ្យឆាប់បានធូរស្បើយ និងសូមបួងសួងដល់វត្ថុសក្តិសិទ្ធិដូនតាខ្មែរ ជួយពាំងរាំងមុខកងទ័ពយើងឱ្យមានជោគជ័យនិងសុខសុវត្ថិភាពគ្រប់ពេលវេលា។
ទេយ្យទាន គ្រឿងឧបភោគ បរិភោគ និងបច្ច័យមួយចំនួន សម្រាប់កសាងវត្ត ប្រគេនព្រះសង្ឃ និងនាំយកអំណោយចែកជូនយាយជី តាជី ប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត និងប្រជាពលរដ្ឋភៀសសឹក ដែលចូលរួមពិធីបុណ្យកាន់បិណ្ឌនៅវត្តគន្ធារាមគោកមនសរុបចំនួន១៥០គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបានសារុង១ ក្រមា១ ទឹកឃ្មុំ ត្រីខ នំបុ័ង ទឹកសុទ្ធ និងថវិកាចំនួន២ម៉ឺនរៀល ព្រមទាំងបាននាំយកសំលៀកបំពាក់ ស្ករគ្រាប់ និងថវិកាចែកជូនដល់សិស្សានុសិស្ស និងកុមារា កុមារីភៀសសឹកផងដែរ៕

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។