











នាព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ស្លេះ ពុនយ៉ាមុីន សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអញ្ជើញដឹកនាំប្រតិភូសប្បុរសជនមកពីប្រទេសសិង្ហបុរី ចុះពិនិត្យការដ្ឋានសាងសង់វិហារអ៉ិស្លាមមួយ ដែលជាការផ្តួមផ្តើមឡើងដោយឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា។ វិហារអ៉ិស្លាមនេះ បានសាងសង់រួចរាល់ប្រមាណជាង ៨៥ភាគរយ ហើយស្ថិតនៅភូមិបុស្សកន្ទួត ឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
ក្នុងឱកាសនោះផងដែរ ឯកឧត្តមបានសំណេះសំណាលសួរសុខទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ប្រកបដោយភាពស្និទ្ធស្នាល និងក្តីអាណិតអាសូរ។
ក្នុងឱកាសសំណេះសំណាលនោះ ឯកឧត្តម ស្លេះ ពុនយ៉ាមុីន បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ប្រកបដោយក្តីនឹករឭកយ៉ាងជ្រាលជ្រៅ ពីសំណាក់ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ជូនដល់បងប្អូនប្រជាពលរដ្ឋ និងគណៈកម្មការវិហារអ៉ិស្លាមទាំងអស់។
ជាកិច្ចបន្ទាប់ ឯកឧត្តមបានមានប្រសាសន៍ថា ការសាងសង់វិហារអ៉ិស្លាមថ្មីនេះ មិនត្រឹមតែឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់បងប្អូនសាសនិកអ៉ិស្លាម ក្នុងការប្រតិបត្តិធម៌សាសនាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសក្ខីភាពដ៏ច្បាស់លាស់ បង្ហាញពីការរីកចម្រើននៃវិស័យសាសនា ក្រោមម្លប់នៃសុខសន្តិភាព និងស្ថិរភាពសង្គមនៅកម្ពុជា។
ក្នុងប្រសាសន៍សំណេះសំណាលនោះដែរ ក្រៅពីការសង្កត់ធ្ងន់លើវិស័យសាសនា ឯកឧត្តមក៏បានរំលេចយ៉ាងច្បាស់ អំពីសមិទ្ធិផលសេដ្ឋកិច្ចដ៏អស្ចារ្យ ដែលជាផ្លែផ្កានៃកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈរ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិទី៧។ ឯកឧត្តមបានគូសបញ្ជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងត្រឹមត្រូវរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ របស់សម្តេចមហាបរវធិបតី នាយករដ្ឋមន្ត្រី បានធានារក្សាសន្តិភាព ស្ថិរភាព និងជំរុញការអភិវឌ្ឍប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនទៅមុខជានិច្ច។
ក្នុងឱកាសនោះផងដែរ ឯកឧត្តម ស្លេះ ពុនយ៉ាមុីន បានឧបត្ថម្ភថវិកា និងសម្ភារៈជាច្រើនជូនដល់បងប្អូនប្រជាពលរដ្ឋ និងក្រុមពាក់ព័ន្ធ រួមមាន៖ ប្រជាពលរដ្ឋចំនួន ១០០គ្រួសារ ក្នុងមួយគ្រួសារ ទទួលបានថវិកា ៥០.០០០ រៀល និងសម្លៀកបំពាក់ម្នាក់ ១ឈុត,សិស្សានុសិស្សចំនួន ៥០នាក់ ក្នុងម្នាក់ ទទួលបានថវិកា ១០.០០០រៀល, វិហារអ៉ិស្លាមចំនួន៣ វិហារមួយទទួលបានផ្លែល្មើ ចំនួន២កេស ស្មើនឹង ២០គីឡូក្រាម, ប្រជាការពារ ១០នាក់ ក្នុងម្នាក់ទទួលបានថវិកា ៥០.០០០រៀល និងសម្លៀកបំពាក់ ១ឈុត, គ្រូខ្មែរអ៉ិស្លាម ២នាក់ ក្នុងម្នាក់ទទួលបានថវិកា ១០០.០០០រៀល និងសម្លៀកបំពាក់ ១ឈុត, គណៈកម្មការវិហារ ៥នាក់ ក្នុងម្នាក់ទទួលបានថវិកា ១០០.០០០រៀល និងសម្លៀកបំពាក់ ១ឈុត, និងយុវជន ស.ស.យ.ក ចំនួន ១០នាក់ ក្នុងម្នាក់ទទួលបានថវិកា ១០០.០០០រៀល។
ប្រភព៖ ជំនួយការឯកឧត្ដម ស្លេះ ពុនយ៉ាមុីន