ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ៖ ដំណើរឆ្ពោះទៅការផលិតទំនិញនៅកម្ពុជា
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញធ្វើបទបាឋកថា ស្ដីពី “ដំណើរឆ្ពោះទៅ ការផលិតទំនិញនៅកម្ពុជា” ដល់សាស្រ្ដាចារ្យ និងនិស្សិត នៃសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ ចំនួន៣០០នាក់ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា បានលើកទឹកចិត្តសាកលវិទ្យាល័យនានា ឱ្យបន្តសិក្សាស្រាវជ្រាវដើម្បីបង្កើតផលិតផល និងសេវាកម្ម សម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារជាក់ស្តែង នាពេលបច្ចុប្បន្ន។

ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត ថ្លែងថាកាហ្វេនិងកាកាវ មានសក្តានុពលខ្លាំងនិងយូរអង្វែង ដូច្នេះគួរជំរុញការដាំដុះដំណាំទាំងពីរនេះបន្ថែម ជាពិសេសនៅខេត្តមណ្ឌលគិរីនិងរតនគិរី ដែលស្របទៅនឹងកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំង៤នៅភូមិភាគឦសាន នៃប្រទេសកម្ពុជា ឆ្នាំ២០២៥-២០២៨។ បច្ចុប្បន្ន សាកលវិទ្យាល័យមួយចំនួន បានធ្វើការស្រាវជ្រាវជាច្រើន រហូតដល់មានផលិតផល ដាក់លក់នៅតាមទីផ្សារ។ ក្នុងបរិបទនៃជម្លោះព្រំដែន កម្ពុជាមិនគ្រាន់តែមានឱកាសជំរុញការផលិតទំនិញបន្ថែមប៉ុណ្ណោះទេ ថែមទាំងជំរុញការគាំទ្រផលិតផលខ្មែរផងដែរ។ ឯកឧត្តមបណ្ឌិត បានលើកទឹកចិត្ត សាកលវិទ្យាល័យ ឱ្យសហការជាមួយវិស័យឯកជន ក្នុងការស្រាវជ្រាវបង្កើនផលិតផល និងសេវាកម្មប្រកបដោយគុណភាព ដើម្បីជំនួសទំនិញ និងសេវានាំចូលមួយចំនួន។

ឯកឧត្តមបណ្ឌិត ក៏បានបញ្ជាក់ផងដែរថា ដើម្បីឱ្យកម្ពុជាសម្រេចបានជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៥០ ប្រជាជនគ្រប់រូបគប្បីលើកកម្ពស់ជីវភាព តាមរយៈការធានាឱ្យបាននូវសុខសុវត្ថិភាព សុខភាព និងសមត្ថភាព។

ខ្លឹមសារ៖ ខុទ្ទកាល័យ​ឯកឧត្តម អនុប្រធាន​ទី២ព្រឹទ្ធសភា​
រូបភាព​៖ នាយកដ្ឋាន​ព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ