ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា មានប្រសាសន៍ថា អាទិភាពសម្រាប់សេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្ន គឺវិស័យទេសចរណ៍ និងកម្មន្ដសាល
 
ចែករំលែក ៖

ក្នុងពិធីសំណេះសំណាលជាមួយសមាជិក៤១នាក់ នៃក្រុមប្រឹក្សាសង្កាត់ទាំង៥ ក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នារសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ នៅវិមានព្រឹទ្ធសភា ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ (ភ្នំពេញ) បានសង្កត់ធ្ងន់ថា វិស័យទេសចរណ៍ និងកម្មន្ដសាល (សិប្បកម្ម/ផលិតកម្ម) គឺជាក្បាលម៉ាស៊ីនរុញច្រានសេដ្ឋកិច្ចដ៏សំខាន់នាពេលបច្ចុប្បន្ន និងអនាគត ដែលអាជ្ញាធរមូលដ្ឋានត្រូវយកចិត្តទុកដាក់ខ្ពស់។

ឯកឧត្តមបណ្ឌិត បានលើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន បង្កលក្ខណៈងាយស្រួលដល់ការវិនិយោគថ្មីៗ និងអាជីវកម្មដែលមានស្រាប់។ វិស័យកម្មន្ដសាល ពិសេសសហគ្រាសធុនតូចនិងមធ្យមគួរត្រូវបានពង្រឹងបន្ថែម នៅគ្រប់មូលដ្ឋាន។ សិប្បកម្មត្បាញហូល ផាមួង (នៅកោះដាច់) ដែលជាផ្នែកមួយនៃកម្មន្ដសាលបែបប្រពៃណី ត្រូវផ្សារភ្ជាប់ជាមួយទេសចរណ៍ ដើម្បីបង្កើតការងារ និងចំណូលដល់ប្រជាពលរដ្ឋ លើកោះ។

ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត បានផ្ដល់អនុសាសន៍ឱ្យគ្រប់មូលដ្ឋានក្នុងរាជធានីភ្នំពេញ ជាពិសេសខណ្ឌជ្រោយចង្វារ ត្រូវបង្កើនភាពប្រកួតប្រជែង ដើម្បីទាក់ទាញទេសចរ តាមរយៈការរៀបចំសណ្ដាប់ធ្នាប់សាធារណៈ ពង្រឹងសន្តិសុខ និងសោភណតាមដងផ្លូវ, គាំទ្រការលក់ដូរម្ហូបអាហារឆ្ងាញ់ ប្លែក អនាម័យ និងតម្លៃសមរម្យ ដោយរួមបញ្ចូលទាំងការរៀបចំទីកន្លែងសម្រាប់ទស្សនាថ្មីៗ ព្រមទាំងអភិវឌ្ឍតំបន់ដែលមានស្រាប់ ដូចជា វិមានឈ្នះឈ្នះ និងកោះដាច់ ឱ្យកាន់តែទាក់ទាញ។

ជាទីបញ្ចប់ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បានកោតសរសើរថ្នាក់ដឹកនាំសង្កាត់ និងខណ្ឌជ្រោយចង្វារ ដែលខិតខំបំពេញការងារបានយ៉ាងល្អនាពេលកន្លងមក ព្រមទាំងលើកទឹកចិត្តឱ្យអាជ្ញាធរទាំងអស់បន្តរួមគ្នារិះរកដំណោះស្រាយសមស្រប ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈម និងសំណូមពររបស់បងប្អូនដែលលើកឡើងនៅតាមមូលដ្ឋាន។

ខ្លឹមសារ៖ ខុទ្ទកាល័យឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ