កម្ពុជា ប្តេជ្ញាលុបបំបាត់បទល្មើសឆបោកអនឡាញ និងជំរុញសេដ្ឋកិច្ចស្អាត ប្រកបដោយបរិយាបន្ន
 
ចែករំលែក ៖

ក្នុងជំនួបពិភាក្សាការងារជាមួយលោកសាស្ត្រាចារ្យ Lee, Hyun-Hoon មកពីសាកលវិទ្យាល័យជាតិ Kangwon នៃសាធារណរដ្ឋកូរ៉េ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ នៃព្រឹទ្ធសភា បានបញ្ជាក់យ៉ាងច្បាស់ពីគោលជំហររបស់កម្ពុជា ក្នុងការសហការប្រកបដោយតម្លាភាពជាមួយសហគមន៍អន្តរជាតិ ដើម្បីលុបបំបាត់ការឆបោក ពិសេសការឆបោកអនឡាញ (Online Scams) ឱ្យបានត្រឹមខែមេសា ខាងមុខនេះ។ ការប្តេជ្ញាចិត្តនេះ មិនត្រឹមតែធ្វើឡើងដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើម្បីការពារកេរ្តិ៍ឈ្មោះប្រទេសជាតិ និងបង្កើនទំនុកចិត្តដល់ភ្ញៀវទេសចរអន្តរជាតិមកកាន់កម្ពុជាផងដែរ។

ទន្ទឹមនឹងការដោះស្រាយបញ្ហាការឆបោកអនឡាញ ឯកឧត្តមបណ្ឌិត បានលើកឡើងពីយុទ្ធសាស្ត្រពង្រឹង “សេដ្ឋកិច្ចពិត” ដែលផ្អែកលើការផលិតទំនិញ និងសេវាកម្ម សម្រាប់ទីផ្សារ។ បន្ថែមពីលើនេះ ឯកឧត្តមបណ្ឌិត ក៏បានលើកថា កម្ពុជាចាំបាច់ត្រូវមាន “សេដ្ឋកិច្ចស្អាត ប្រកបដោយបរិយាបន្ន” ដែលរាល់សកម្មភាពសេដ្ឋកិច្ចត្រូវគិតគូរដល់បរិស្ថាន និងប្រជាជនដែលមានចំណូលទាប ពិសេសជនងាយរងគ្រោះ។

ឆ្លើយតបនឹងសំនួររបស់ លោកសាស្ត្រចារ្យ អំពីការឡើងថ្លៃប្រេងលើពិភពលោក ដោយសារសង្គ្រាមអ៊ីរ៉ង់ ឯកឧត្តមបណ្ឌិត បានឆ្លើយតបថា កម្ពុជា ពិតជារងផលប៉ះពាល់ ដូចប្រទេសផ្សេងៗទៀតដែរ ប៉ុន្តែការជំរុញថាមពលកកើតឡើងវិញដូចជា វារីអគ្គីសនី និងថាមពលពន្លឺព្រះអាទិត្យ ព្រមទាំងកំពុងអភិវឌ្ឍថាមពលខ្យល់ បានជួយកម្ពុជា ជៀសផុតផលប៉ះពាល់អវិជ្ជមានបានមួយកម្រិត។ ឯកឧត្តមបណ្ឌិត បានលើកឡើងថា ដោយសារសោហ៊ុយដឹកជញ្ជូនខ្ពស់ យុទ្ធសាស្ត្រកសិកម្មកម្ពុជា គឺងាកទៅរកដំណាំមានតម្លៃខ្ពស់ ដូចជាកាហ្វេ និងកាកាវ និងជំរុញការកែច្នៃក្នុងស្រុក។

លោកសាស្ត្រាចារ្យ បានលើកអំពីសៀវភៅ ដែលលោកគឺជាអ្នកនិពន្ធផ្ទាល់ ដែលក្នុងសៀវភៅនោះ និយាយអំពីទស្សនទាននៃការអភិវឌ្ឍ ដោយផ្តោតលើសេដ្ឋកិច្ចបៃតង និងបរិយាបន្ន។

ខ្លឹមសារ៖ ខុទ្ទកាល័យឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ