

















នារសៀលថ្ងៃចន្ទ ១រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ខេង សិទ្ធិគុណ អគ្គលេខាធិការរងព្រឹទ្ធសភា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសាស្ត្រាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា (CUS) ប្រមាណ ២០០នាក់ ក្នុងឱកាសដែលនិស្សិតអញ្ជើញមកទស្សនកិច្ចសិក្សាឈ្វេងយល់ពីស្ថាប័នព្រឹទ្ធសភា។
ក្នុងឱកាសនោះ ឯកឧត្តម ខេង សិទ្ធិគុណ បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចជាលើកទី២ របស់គណៈប្រតិភូ CUS។ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់សាកលវិទ្យាល័យក្នុងការចូលរួមចំណែកអភិវឌ្ឍធនធានមនុស្ស ព្រមទាំងបានថ្លែងអំណរគុណដល់សកលវិទ្យាល័យ ដែលបានផ្តល់អាហារូបករណ៍ថ្នាក់បច្ចេកទេសជាន់ខ្ពស់ជូនដល់មន្ត្រីនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភានាពេលកន្លងមក។
ដើម្បីជាចំណេះដឹងដល់និស្សិត ឯកឧត្តមអគ្គលេខាធិការរង បានធ្វើបទបង្ហាញយ៉ាងស៊ីជម្រៅអំពី រចនាសម្ព័ន្ធ តួនាទី ភារកិច្ច និងអាទិភាពការងារសំខាន់ៗរបស់ព្រឹទ្ធសភានីតិកាលទី៥ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់និងប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។ បទបង្ហាញបានរំលេចនូវមុខងារស្នូលទាំង៣ របស់ព្រឹទ្ធសភា រួមមាន៖
មុខងារនីតិកម្ម៖ ព្រឹទ្ធសភាបានរៀបចំ «សមាជរដ្ឋសភា-ព្រឹទ្ធសភាលើកទីមួយ» កាលពីដើមខែមិថុនា ឆ្នាំ២០២៥ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ។ ក្រៅពីការពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ និងធ្វើវិសោធនកម្មច្បាប់បោះឆ្នោតព្រឹទ្ធសភា សមាជិកព្រឹទ្ធសភាក៏បានជួបជជែកជាមួយក្រសួង-ស្ថាប័ននានាដើម្បីជំរុញគណនេយ្យភាព និងកែលម្អការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល។
មុខងារតំណាង៖ សម្តេចតេជោប្រធានព្រឹទ្ធសភា បានចុះជួបសំណេះសំណាលផ្ទាល់ជាមួយក្រុមប្រឹក្សានិងថ្នាក់ដឹកនាំមូលដ្ឋាននៅទូទាំងប្រទេស។ ទន្ទឹមនឹងនោះ ថ្នាក់ដឹកនាំ និងសមាជិកព្រឹទ្ធសភាបានចុះបំពេញការងារតាមភូមិភាគទាំង៨ ដើម្បីសួរសុខទុក្ខ និងនាំយកស្បៀងអាហារ សម្ភារៈឧបភោគបរិភោគជូនដល់វីរយុទ្ធជនតាមព្រំដែន មន្ទីរពេទ្យ និងជនភៀសសឹក។
មុខងារសហប្រតិបត្តិការអន្តរជាតិ (ការទូតសភា)៖ ព្រឹទ្ធសភាបានក្លាយជាមជ្ឈមណ្ឌលពិភាក្សាដ៏សំខាន់ ដោយបានទទួលស្វាគមន៍ថ្នាក់ដឹកនាំកំពូលៗពីបរទេស ដូចជាប្រធានាធិបតីចិន ហ្វីលីពីន ឡាវ និងអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម។ ជាមួយគ្នានេះ សម្តេចតេជោបានអញ្ជើញទៅបំពេញទស្សនកិច្ច និងថ្លែងបឋកថាចែករំលែកបទពិសោធន៍កសាងសន្តិភាពកម្ពុជានៅប្រទេសឥណ្ឌូណេស៊ី។ បច្ចុប្បន្ន ព្រឹទ្ធសភាកំពុងត្រៀមលក្ខណៈធ្វើជាម្ចាស់ផ្ទះរៀបចំ «សន្និសីទប្រធានសភានៃអន្តរសភា នៃកម្ពុជា ISC» នៅចុងខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ។
ចំពោះមុខងារអភិវឌ្ឍន៍ស្ថាប័ន ព្រឹទ្ធសភាបាននិងកំពុងយកចិត្តទុកដាក់ខ្ពស់លើការកសាងសមត្ថភាពមន្ត្រី និងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ។ ក្នុងនោះមានគម្រោងសាងសង់អគារថ្មីកម្ពស់ ៥ជាន់ សម្រាប់ការិយាល័យ និងសាលប្រជុំ បង្កើនអនុភាពមជ្ឈមណ្ឌលទិន្នន័យ (Data Center) និងការកែសម្រួលសួនច្បារឱ្យកាន់តែមានពណ៌បៃតងស្រស់បំព្រង។ លើសពីនេះ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានពង្រីកកិច្ចសហការតាមរយៈការចុះអនុស្សរណៈ (MoU) ជាមួយមជ្ឈមណ្ឌលស្រាវជ្រាវច្បាប់ចិនអាស៊ីអាគ្នេយ៍ ព្រឹទ្ធសភាប៉ាគីស្ថាន និងព្រឹទ្ធសភាហុងគ្រី។ ជាពិសេស ព្រឹទ្ធសភានឹងបើកទ្វារបណ្ណាល័យជូនសាធារណជន សិស្ស និងនិស្សិត ចូលអាន និងស្រាវជ្រាវក្នុងពេលឆាប់ៗខាងមុខនេះផងដែរ។
ក្រោយបញ្ចប់បទបង្ហាញ សាស្ត្រាចារ្យ និងនិស្សិតសាកលវិទ្យាល័យ CUS ទាំងអស់បានអញ្ជើញទស្សនាសាលប្រជុំពេញអង្គព្រឹទ្ធសភា និងអគារប្រវត្តិសាស្ត្រនានា ព្រមទាំងបានថតរូបអនុស្សាវរីយ៍ប្រកបដោយបរិយាកាសស្និទ្ធស្នាល និងទទួលបានចំណេះដឹងយ៉ាងទូលំទូលាយត្រឡប់ទៅវិញ៕
ប្រភព៖ នាយកដ្ឋានព័ត៌មាន