ឯកឧត្តម ជា ធីរិទ្ធ បានអនុញ្ញាតឱ្យក្រុមនិស្សិតកម្ពុជាជ័យលាភីអាហារូបករណ៍ ចំនួន១៥រូប ចូលជួបសម្ដែងការគួសម និងទទួលអនុសាសន៍
 
ចែករំលែក ៖

នារសៀលថ្ងៃសុក្រ ១៤កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលភក្ដីវិក្រម៣  ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានជួបសម្តែងការគួរសម និងផ្តល់អនុសាសន៍សម្រាប់និស្សិតជ័យលាភីអាហាររូបករណ៍ថ្នាក់ បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ដែលនឹងទៅសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន សហភាពអឺរ៉ុប សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋរ៉ូម៉ានី សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧។ បន្ទាប់ពីកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅនាយកប្រតិបត្តិ លោក ណោង រិទ្ធី សហព័ន្ធនិស្សិតកម្ពុជានៅបរទេស និងនិស្សិតជ័យលាភី បានបង្ហាញពីគោលបំណងនៃជំនួបក្នុងថ្ងៃនេះ គឺដើម្បីប្រមូលធាតុចូលនៃគំនិត ដំណើរនៃការរៀនសូត្រ និងបទពិសោធរបស់ ឯកឧត្តម ជា ធីរិទ្ធ។

ជាកិច្ចបន្ត ឯកឧត្តមអ្នកនាំពាក្យ បានផ្តល់អនុសាសន៍ប្រកបដោយការអបអរសាទរ និងលើកទឹកចិត្តដល់និស្សិតជ័យលាភី ថា សូមនិស្សិតទាំងអស់ ខិតខំរៀនសូត្រឱ្យកាន់តែពូកែ រួមជាមួយនឹងការគោរពវិន័យ ដើម្បីលេីកកិត្តិយសប្រទេសជាតិ។ ឯកត្តមបន្តថា តាំងពីអតីតកាល រហូតដល់បច្ចុប្បន្ន ប្រទេសកម្ពុជា បាននិងកំពុងជម្នះរាល់ឧបសគ្គជាច្រើន ដើម្បីការពារសន្តិភាព អធិបតេយ្យភាពជាតិ សេចក្ដីសុខចម្រើន និងឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ដូច្នេះសូមនិស្សិតដែលបានទៅសិក្សានៅក្រៅប្រទេស សូមក្រេបយកចំណេះវិជ្ជា មកជួយអភិវឌ្ឍជាតិយើង ដើម្បីជាការសងគុណដល់ទឹកដីកំណើត និងបង្កើនជោគវាសនារួមដ៏ប្រពៃ។ ទន្ទឹមនេះ ឯកឧត្តម បានក្រើនរំលឹកទៅនិស្សិតគ្រប់រូបថា កុំបារម្ភពីរឿងអត់ឱកាស តែអ្វីដែលយើងគួរបារម្ភពិត ប្រយ័ត្ននៅពេលដែលគេផ្តល់ឱកាសហេីយ បែរជាយើង គ្មានលទ្ធភាពចាប់យកបាន ដូច្នេះយើងខ្វះខាតអ្វី ពង្រឹងនោះ។
អនុសាសន៍គន្លឹះ៖ ពូកែពិត នឹងទទួលបានឱកាស ដោយពុំចាំបាច់មានខ្សែស្រឡាយ។

ប្រភពខ្លឹមសារអ្នកនាំពាក្យព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ