














ខេត្តព្រះសីហនុ៖ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានក្រុម និងជាប្រធានគណៈកម្មការទី៣ នៃព្រឹទ្ធសភា ព្រមទាំងលោកជំទាវ ម៉ែន ស៊ុន ម៉ុងឫទ្ធី រួមជាមួយឯកឧត្តម ញ៉ូវ សុង សមាជិក ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ (ខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ កោះកុង ពោធិ៍សាត់ និងព្រះសីហនុ) ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក ព្រមទាំងបុគ្គលិកគ្រប់ជាន់ថ្នាក់នៃក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ស្មៀនឃុំ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ មកពីឃុំទាំង១៤ នៃស្រុកស្ទឹងហាវ និងស្រុកព្រៃនប់ ខេត្តព្រះសីហនុ សរុបចំនួន១៤០នាក់។
ពិធីនេះបានប្រព្រឹត្តទៅ នាព្រឹកថ្ងៃសុក្រ ១៤កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលការិយាល័យ ក្រុមហ៊ុន អិមអធី រ៉ាប់ប៊ើរ ផ្លេនថេសិន ស្ថិតក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
នាឱកាសនោះ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខប្រកបដោយក្តីនឹករលឹកពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភា ជូនចំពោះថ្នាក់ដឹកនាំស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋទាំងអស់ក្នុងស្រុកស្ទឹងហាវ និងស្រុកព្រៃនប់ ក៏ដូចជាខេត្តព្រះសីហនុទាំងមូល។
ឯកឧត្តមប្រធានក្រុម បានបញ្ជាក់ថា ជំនួបនេះធ្វើឡើងក្នុងគោលបំណងពង្រឹងទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធរវាងព្រឹទ្ធសភា និងអាជ្ញាធរមូលដ្ឋាន ដើម្បីបង្កើនប្រសិទ្ធភាពការងារអភិវឌ្ឍន៍សហគមន៍ ជំរុញការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ព្រមទាំងប្រមូលផ្តុំបញ្ហាប្រឈម សំណូមពរ និងតម្រូវការជាក់ស្តែងពីមូលដ្ឋាន ដើម្បីរាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ពិនិត្យ និងបញ្ជូនទៅស្ថាប័ន-ក្រសួងពាក់ព័ន្ធដោះស្រាយ។ លើសពីនេះ ជំនួបនេះក៏ជាផ្នែកមួយនៃបេសកកម្មអាណត្តិទី៥ ក្នុងការលើកកម្ពស់ការទូតសភា និងពង្រឹងទំនាក់ទំនងជាមួយអង្គបោះឆ្នោត ដែលជាប្រតិបត្តិករជួរមុខនៅថ្នាក់មូលដ្ឋានផងដែរ។
ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ក៏បានសម្តែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរមូលដ្ឋាន ក្នុងការបម្រើប្រជាពលរដ្ឋនាពេលកន្លងមក និងបានផ្តល់អនុសាសន៍ដឹកនាំលើការងារអាទិភាពចំនួន ២ចំណុច៖
១.ការថែរក្សាសន្តិសុខ និងសេវាសាធារណៈ៖បន្តយកចិត្តទុកដាក់ខ្ពស់លើការថែរក្សាសន្តិភាព និងបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែឆាប់រហ័ស និងមានស័ក្តិសិទ្ធិភាព។
២.ការត្រៀមលក្ខណៈសម្រាប់ការបោះឆ្នោត៖អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវត្រៀមលក្ខណៈបច្ចេកទេស ជំរុញការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឱ្យបានត្រឹមត្រូវរៀបរយ ដើម្បីឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ នាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៧ ខាងមុខឱ្យទទួលបានជោគជ័យ។
ក្នុងឱកាសនោះដែរ ឯកឧត្តមបានចែកជូននូវផលិតផលរបស់ក្រុមហ៊ុន អស្ចារ្យ និងពងមាន់របស់កសិដ្ឋាន Farm Land ជាក្រុមហ៊ុនបុត្រសម្ព័ន្ធក្រុមហ៊ុន M’s Pig ACMC ជូនដល់សមាជិក សមាជិកាចូលរួមទាំងអស់ ១៤០កញ្ចប់ ប្រកបដោយបរិយាកាសស្និទ្ធស្នាលរីករាយក្រៃលែងផងដែរ៕
ប្រភព៖ នាយកដ្ឋានព័ត៌មាន