





នារសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ស្លេះ ពុនយ៉ាម៉ីន សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខសិស្សានុសិស្ស ព្រមទាំងលោកគ្រូៗ នៃសាលាតះហ្វីស្សដារ៉ូលហ្វូរកោន ស្ថិតក្នុងភូមិទី១ ឃុំព្រែកអាជី ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
ក្នុងឱកាសនោះ ឯកឧត្តម ស្លេះ ពុនយ៉ាម៉ីន បានសម្តែងនូវការកោតសរសើរចំពោះលោកនាយក ក៏ដូចជាលោកគ្រូៗ នៃសាលាតះហ្វីស្សដារ៉ូលហ្វូរកោន ដែលបានលះបង់ពេលវេលា កម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី ក្នុងការចូលរួមកសាង និងអភិវឌ្ឍន៍ធនធានមនុស្ស ជាពិសេសក្នុងវិស័យអប់រំអ៉ិស្លាម ដើម្បីរួមចំណែកលើកកម្ពស់គុណភាពអប់រំ និងការអភិវឌ្ឍសង្គមជាតិ។
បន្ទាប់ពីបញ្ចប់កិច្ចសំណេះសំណាល ក្នុងនាមឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា ឯកឧត្តមក៏បានចូលរួមឧបត្ថម្ភថវិកាចំនួន ៥០០ដុល្លារអាមេរិក ដើម្បីជួយទ្រទ្រង់ការសាងសង់លំនៅឋានជូនលោកគ្រូៗ ព្រមទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា នៅក្នុងបរិវេណសាលា សំដៅលើកកម្ពស់បរិយាកាសសិក្សា និងការបំពេញការងារអប់រំឱ្យកាន់តែមានប្រសិទ្ធភាព។
ប្រភព៖ ជំនួយការឯកឧត្តម ស្លេះ ពុនយ៉ាម៉ីន