








នាព្រឹកថ្ងៃចន្ទទី២២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្ដម សាន់ ឡាទីន សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ តំណាងរបស់ឯកឧត្តមបណ្ឌិត នាង ផាត ប្រធានក្រុម បានអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ដើម្បីឈ្វេងយល់ពីសុខទុក្ខ បញ្ហាប្រឈម និងសំណូមពរក្នុងការអនុវត្តតួនាទីភារកិច្ចកន្លងមក។
ក្នុងឱកាសនោះ ឯកឧត្ដមបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងថ្នាក់ដឹកនាំព្រឹទ្ធសភា ជូនដល់អាជ្ញាធរ និងប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹក។
ឯកឧត្ដម បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាឃុំទាំងអស់ និងជំរុញឱ្យបន្តយកចិត្តទុកដាក់ដោះស្រាយរាល់បញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។ ឯកឧត្ដម បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំឃុំ ក្នុងការបំពេញភារកិច្ច ដែលសម្រេចបាននូវសមិទ្ធផលគួរជាទីមោទនៈក្នុងការបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងថ្លែងអំណរគុណដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ដែលបានសហការ ខិតខំពុះពារ ដោះស្រាយ បញ្ហាប្រឈម និងបម្រើសេវាជូនប្រជាពលរដ្ឋ ដោយរក្សាបាននូវសន្តិសុខ ស្ថិរភាព សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមក្នុងមូលដ្ឋានបានល្អប្រសើរ។
ចំពោះបញ្ហាប្រឈម និងសំណូមពរនានារបស់អាជ្ញាធរមូលដ្ឋាន ឯកឧត្ដមនឹងធ្វើរបាយការណ៍គោរពជូនថ្នាក់ដឹកនាំព្រឹទ្ធសភា ដើម្បីលើកជាអនុសាសន៍ជម្រាបជូនក្រសួង-ស្ថាប័នពាក់ព័ន្ធដោះស្រាយបន្ត។
បន្ទាប់ពីបញ្ចប់កិច្ចសំណេះសំណាល ឯកឧត្តមក៏បានចូលរួមឧបត្ថម្ភថវិកាចំនួន ១ ០០០ ០០០រៀល ជូនដល់អ្នកចូលរួម និងរដ្ឋបាលឃុំព្រែកសាម៉ាន់ ដើម្បីជួយសម្រួលក្នុងការអនុវត្តតួនាទីភារកិច្ចផ្សេងៗ៕
ប្រភព៖ ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨