ឯកឧត្តម អ៊ុច បូររិទ្ធ ចូលរួមបេសកកម្មជំរុញការគាំទ្រសំណើរបស់ APF សុំឋានៈជាអ្នកសង្កេតការណ៍នៅមហាសន្និបាតអង្គការសហប្រជាជាតិ
 
ចែករំលែក ៖

ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ប្រធានសាខាកម្ពុជា នៃសភាប្រើភាសាបារាំង និងជាប្រតិភូ APF ទទួលបន្ទុកតំបន់អាស៊ី-ប៉ាស៊ីហ្វិក បានចូលរួមបេសកកម្មរបស់សភាប្រើភាសាបារាំង (APF) នៅទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក។
បេសកកម្មនេះ ដឹកនាំដោយលោកជំទាវ Nathalie Roy ប្រធាន APF និងជាប្រធានរដ្ឋសភាកេបិច ក្នុងគោលបំណងជំរុញការគាំទ្រសំណើរបស់ APF ដើម្បីទទួលឋានៈជាអ្នកសង្កេតការណ៍នៅមហាសន្និបាតអង្គការសហប្រជាជាតិ។ ឯកឧត្តម កែវ ឈា តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ ក៏បានចូលរួម និងជួយសម្របសម្រួលការងាររបស់គណៈប្រតិភូផងដែរ។
ក្នុងអំឡុងបេសកកម្ម គណៈប្រតិភូ APF បានជួបពិភាក្សាជាមួយតំណាងប្រទេសជាច្រើនរួមមាន ប្រេស៊ីល បែលហ្សិក ស្វីស អ៊ីតាលី អង់ហ្គោឡា ប៊ូរុនឌី អ៊ុយក្រែន និងជីប៊ូទី ព្រមទាំងតំណាងអង្គការអន្តរជាតិនៃប្រទេសប្រើភាសាបារាំង (OIF) និងក្រុមឯកអគ្គរដ្ឋទូតនៃប្រទេសប្រើភាសាបារាំងប្រចាំអង្គការសហប្រជាជាតិ។
ក្នុងជំនួបទាំងនេះ ឯកឧត្តម អ៊ុច បូររិទ្ធ បានគូសបញ្ជាក់ថា ឋានៈជាអ្នកសង្កេតការណ៍នឹងជួយពង្រឹងតួនាទីនៃការទូតសភា និងនាំសំឡេងរបស់សមាជិកសភា ព្រមទាំងប្រជាពលរដ្ឋ ដែលពួកគេតំណាងឱ្យចូលរួមកាន់តែសកម្មក្នុងកិច្ចសន្ទនាពហុភាគី។ APF ដែលមានសមាជិកចំនួន១០០ មកពីទ្វីបទាំង៥ អាចចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សន្តិភាព លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស ការអប់រំ សុខភាព សមភាពយេនឌ័រ និងការអភិវឌ្ឍប្រកបដោយចីរភាព។
ឯកឧត្តមក៏បានចែករំលែកបទពិសោធន៍របស់កម្ពុជា ដែលបានឆ្លងកាត់សង្គ្រាម និងយល់ច្បាស់ពីតម្លៃនៃសន្តិភាព។ កម្ពុជាបន្តគាំទ្រការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ព្រមទាំងបន្តរួមចំណែកក្នុងបេសកកម្មរក្សាសន្តិភាព និងការបោសសម្អាតមីន។
សំណើរបស់ APF ត្រូវបានដាក់ជាផ្លូវការដោយជីប៊ូទី និងទទួលបានការគាំទ្រពីកម្ពុជា និងប្រទេសដៃគូមួយចំនួន ហើយក្នុងបេសកកម្មនេះ តំណាងប្រទេសជាច្រើនក៏បានបង្ហាញទស្សនៈវិជ្ជមានចំពោះសំណើខាងលើផងដែរ។
កម្ពុជានឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយថ្នាក់ដឹកនាំ APF ស្ថានបេសកកម្មជីប៊ូទី OIF និងបណ្ដាប្រទេសដៃគូ ដើម្បីជំរុញសំណើនេះ និងលើកកម្ពស់តួនាទីការទូតសភាក្នុងការបម្រើសន្តិភាព កិច្ចសហប្រតិបត្តិការ និងពហុភាគីនិយម។
 
ប្រភព៖ ខុទ្ទកាល័យឯកឧត្តម អនុប្រធានទី១ព្រឹទ្ធសភា


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ