






នាព្រឹកថ្ងៃសុក្រ ១៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធស័ករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ងី ច័ន្រ្ទផល ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹងនិងអង្កេត និងអធិការកិច្ចនៃព្រឹទ្ធសភា បានអញ្ជើញចូលរួមទទួលបដិសណ្ឋារកិច្ចស្វាគមន៍ផ្លូវរដ្ឋជូន ឯកឧត្តម មីន អោង ឡាំង (MIN AUNG HLAING) ប្រធានាធិបតី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦។
ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវរដ្ឋនេះ ឯកឧត្តមប្រធានាធិបតី នឹងមានជំនួបកំពូលជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងជួបពិភាក្សាទ្វេភាគីជាមួយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៃព្រះរាជាណាចក្រកម្ពុជា និងជំនួបជាមួយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា។
ប្រភព៖ នាយកដ្ឋានព័ត៌មាន