









នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ស្លេះ ពុនយ៉ាមុីន សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ អមដំណើរដោយឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្តកំពង់ចាម សមាជិកក្រុមប្រឹក្សាក្រុង អភិបាលរងក្រុង/ស្រុក លោកវេជ្ជបណ្ឌិត អាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះជួបសាកសួរសុខទុក្ខ សំណេះសំណាល និងនាំយកអំណោយមនុស្សធម៌ចែកជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ចំនួន៣៣០គ្រួសារ មកពីឃុំទន្លេបិទ និងឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ក្នុងឱកាសនោះដែរ ឯកឧត្តម ស្លេះ ពុនយ៉ាមុីន សមាជិកព្រឹទ្ធសភា បានពាំនាំយកប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខប្រកបដោយក្តីនឹករឭកដ៏កក់ក្តៅ ពី សំណាក់ ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា ជូនចំពោះបងប្អូនប្រជាពលរដ្ឋដែលកំពុងជួបប្រទះការលំបាកដោយសារគ្រោះទឹកជំនន់។ ឯកឧត្តមបានបញ្ជាក់ថា ឯកឧត្តមប្រធានស្តីទី ព្រឹទ្ធសភា តែងតែគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ ពេលវេលា បើទោះបីជាឯកឧត្តមប្រធានស្តីទីព្រឹទ្ធសភាមិនបានអញ្ជើញជួបសំណេះសំណាលដោយផ្ទាល់ក្ដី ក៏ប៉ុន្តែឯកឧត្តមប្រធានស្តីទីបានធ្វើការណែនាំដល់ក្រុមការងារ ក្នុងការចុះពិនិត្យស្វែងរកប្រជាពលរដ្ឋដែលកំពុងជួបប្រទះបញ្ហានានា ដូចជា គ្រោះទឹកជំនន់ជាដើម ដើម្បីធ្វើការចែកជូនអំណោយដល់ប្រជាពលរដ្ឋ ដែលរងគ្រោះ ឱ្យបានទាន់ពេលវេលា។
ក្នុងឱកាសសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ ឯកឧត្តម ស្លេះ ពុនយ៉ាមុីន បានសម្តែងការសោកស្តាយជាមួយបងប្អូនប្រជាពលរដ្ឋរងគ្រោះទាំងអស់ ចំពោះមហន្តរាយធម្មជាតិ ដែលធ្វើឱ្យប៉ះពាល់លំនៅដ្ឋាន និងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូន បង្ខំចិត្តត្រូវជម្លៀសមកកាន់ទីទួលសុវត្ថិភាពនេះ។ ទន្ទឹមជាមួយនេះផងដែរ ឯកឧត្តមសមាជិកព្រឹទ្ធសភា ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យបន្តប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះទឹកជំនន់ និងចូលរួមសហការជាមួយអាជ្ញាធរ ដើម្បីធានាសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ។
ទាំងនេះ បង្ហាញឱ្យឃើញពីក្តីកង្វល់ របស់រាជរដ្ឋាភិបាលក៏ដូចជាឯកឧត្តមប្រធានស្តីទីព្រឹទ្ធសភា ដែលតែងតែបានយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ និងជីវភាព របស់ប្រជាជនរងគ្រោះ និងងាយរងគ្រោះបំផុត ហើយតែងបានចាត់តំណាងចុះអន្តរាគមន៍ ផ្តល់អំណោយមនុស្សធម៌ជាបន្តបន្ទាប់ ដើម្បីជួយដោះស្រាយសម្រាលទុក្ខលំបាកបងប្អូនទាន់ពេលវេលា ដោយមិនរើសអើង និងមិនទុកនរណាម្នាក់ចោលឡើយ ។
សូមបញ្ជាក់ថា អំណោយមនុស្សធម៌ដែលបានផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះទាំង ៣៣០គ្រួសារ ក្នុងមួយគ្រួសារ ទទួលបាន៖ អង្ករ ចំនួន១៥គីឡូក្រាម,មីជាតិ ចំនួន១កេស, ត្រីខ ចំនួន១យួរ, ទឹកត្រី ចំនួន ១យួរ, ប្រេងឆា ចំនួន១ដប និងឧបត្ថម្ភថវិកាដល់ប្អូនៗ ក្មួយៗ ចំនួន ១លានរៀលផងដែរ។
អំណោយខាងលើតាមរយៈ សមាគមសប្បុរសធម៌អាលអិនសានីយះមូស្លីមកម្ពុជា។ អំណោយទាំងអស់មានតម្លៃសរុបចំនួន ២៨.៣៩០.០០០រៀល។
ប្រភព៖ ជំនួយការឯកឧត្ដម ស្លេះ ពុនយ៉ាមុីន