គណៈប្រតិភូព្រឹទ្ធសភា រួមជាមួយវិទ្យាស្ថានបញ្ញាឌីជីថលកម្ពុជា នាំយកកុំព្យូទ័រយួរដៃ និងផ្តល់អាហារូបករណ៍ព្រឹទ្ធសភាជូនដល់ឃុំ សង្កាត់ទូទាំងខេត្តស្វាយរៀង
 
ចែករំលែក ៖

នាព្រឹកថ្ងៃពុធ ១២រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ គណៈប្រតិភូព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដឹកនំដោយ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈ-កម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ និងឯកឧត្តម អ៊ុ សារឹទ្ធ អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ រួមជាមួយគណៈប្រតិភូវិទ្យាស្ថានបញ្ញាឌីជីថលកម្ពុជា បានអញ្ជើញចុះជួបសំណេះ សំណាលការងារ និងនាំយកកុំព្យូទ័រយួរដៃ រួមជាមួយការផ្តល់អាហាររូបករណ៍ព្រឹទ្ធសភា ជូនដល់រដ្ឋបាលមូលដ្ឋានខេត្តស្វាយរៀង ដឹកនាំដោយឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង។  
ពិធីសំណេះសំណាលការងារនាឱកាសនោះ មានការអញ្ជើញចូលរួមពីសំណាក់សមាជិកគណៈកម្មការទី១០ ព្រឹទ្ធសភា ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាទី៦ តំណាងវិទ្យាស្ថានបញ្ញាឌីជីថលកម្ពុជាថ្នាក់ដឹកនាំរដ្ឋបាលខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលស្រុក ក្រុងទាំង៨ និងប្រធានក្រុមប្រឹក្សាឃុំ សង្កាត់ទូទាំងខេត្តស្វាយរៀង ស្ថិតនៅសាលាខេត្តស្វាយរៀង។
ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្ត បានសម្តែងនូវក្តីសោមនស្សរីករាយ និងស្វាគមន៍ដ៏កក់ក្តៅដល់គណៈប្រតិភូព្រឹទ្ធសភា ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកមកសួរសុខទុក្ខ និងស្វែងយល់អំពីប្រសិទ្ធភាព និងបញ្ហាប្រឈមនៃការអនុវត្តច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ជាមួយរដ្ឋបាលមូលដ្ឋាននៃខេត្តស្វាយរៀង។ ឯកឧត្តមអភិបាលខេត្ត បានធ្វើសេចក្តីរាយការណ៍អំពីសមិទ្ធផលដែលរដ្ឋបាលខេត្តសម្រេចបានលើការអនុវត្តច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។ 
មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តម ម៉ម ប៊ុននាងបានពាំនាំនូវការផ្ដាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ឯកឧត្តម អ៊ុច បូររិទ្ធ អនុ-ប្រធានទី១ និងឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ប្រធានស្តីទីព្រឹទ្ធសភា ជូនចំពោះថ្នាក់ដឹនាំរដ្ឋបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ពិសេសប្រជាពលរដ្ឋទាំងអស់នៃខេត្តស្វាយរៀង។ ឯកឧត្តមប្រធាន បានថ្លែងនូវការកោត សរសើរ និងវាយតម្លៃខ្ពស់ចំពោះ សមិទ្ធផលយ៉ាងច្រើនដែលរដ្ឋបាលខេត្ត ក៏ដូចជារដ្ឋបាលមូលដ្ឋានសម្រេចបាន ស្របតាមច្បាប់ បទដ្ឋានគតិយុត្តជាធរមាន ពិសេសស្របតាមអាទិភាពគន្លឹះ៥ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់ កាលទី១ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។
ឯកឧត្តម ម៉ម ប៊ុននាង បានគូសបញ្ជាក់ថា ក្រោមការអនុវត្តអនុស្សារណៈប្រកបដោយប្រសិទ្ធភាព ថ្ងៃនេះគណៈកម្មការទី១០ ព្រឹទ្ធសភា និងវិទ្យាស្ថានបញ្ញាឌីជីថលកម្ពុជា បាននាំមកនូវកុំព្យូទ័រយួរដៃសរុបចំនួន ១២៣គ្រឿងដើម្បីចែកជូនដល់ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក និងប្រធានក្រុមប្រឹក្សាឃុំ សង្កាត់។ លើសពីនេះទៀត វិទ្យាស្ថានបញ្ញាឌីជីថលកម្ពុជា នឹងផ្តល់នូវអាហារូបករណ៍ព្រឹទ្ធសភា ១០០ភាគរយដល់យុវជន១០០នាក់ ក្នុងមួយឃុំ សង្កាត់ សម្រាប់ការសិក្សាតាមប្រព័ន្ធឌីជីថល សំដៅចូលរួមលើកកម្ពស់ធនធានមនុស្សនៅមូលដ្ឋានខេត្តស្វាយរៀង តាមរយៈប្រព័ន្ធឌីជីថល ឱ្យបានកាន់តែប្រសើរឡើង។ ឯកឧត្តមបានអំពា វ នា វដល់ប្រធានក្រុមប្រឹក្សាឃុំ សង្កាត់ បន្តផ្សព្វផ្សាយដំណឹងអាហាររូបករណ៍ព្រឹទ្ធសភាសភានេះ ឱ្យបានទូលំទូលាយដល់ ប្រជាជននៅមូលដ្ឋាន ជាពិសេសយុវជនក្រីក្រ និងនៅទីដាច់ស្រយាល។
លោក ហេង ជលសា នាយកស្តីទីវិទ្យាស្ថានបញ្ញាឌីជីថលកម្ពុជា បានគូសបញ្ជាក់ថា អាហារូបករណ៍ព្រឹទ្ធសភា គឺជារៀន និងបង្រៀនតាមប្រព័ន្ធឌីជីថល ដែលយើងអាចរៀនបានគ្រប់ពេលវេលា និងទីកន្លែង។ សម្រាប់មុខងារសិក្សារួមមាន៖ ថ្នាក់ភាសាអង់គ្លេស ភាសាចិន ភាសាជប៉ុន និងភាសាកូរ៉េ, ថ្នាក់ឧត្តមសិក្សា មានចំនួន ១១ជំនាញ ដែលបង្រៀនដោយសាស្ត្រាចារ្យដែលមានចំណេះដឹង និងបទពិសោធន៍ខ្ពស់។ ក្នុងអំឡុងពេលនៃការសិក្សា វិទ្យាស្ថានបញ្ញាឌីជីថលកម្ពុជា នឹងផ្តល់ជូនដល់និស្សិតនូវឱកាសការងារផ្សារភ្ជាប់នឹងការសិក្សា។ បន្ទាប់ពីបញ្ចប់ការសិក្សា សិស្សនិស្សិតនឹងទទួលបាននូវវិញ្ញាបនបត្របញ្ជាក់ការសិក្សាពីវិទ្យាស្ថាន ដែលមានការទទួលស្គាល់ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ហើយសិស្សនិស្សិតអាចបន្តការសិក្សានៅសកលវិទ្យាល័យជាដៃគូរបស់វិទ្យាស្ថានៅក្រៅប្រទេសដូចជាៈ សហរដ្ឋអាមេរិក ប្រទេសវៀតណាម ប្រទេសជប៉ុន និងប្រទេសអូស្ត្រាលី។ លោកបានបន្ថែមថា ថ្មីៗនេះ វិទ្យាស្ថានក៏មានកិច្ចសហប្រតិបត្តិការជាមួយដៃគូប្រទេសអូស្ត្រាលី តាមរយៈកម្មវិធី ANIBT ដោយមានរៀបចំជាថ្នាក់បណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រ ថ្នាក់សិក្សាជំនាញ និងវិជ្ជាជីវៈ ដើម្បីផ្តល់ឱកាសឱ្យនិស្សិតកម្ពុជា អាចបន្តការសិក្សា និងធ្វើការនៅប្រទេសអូស្ត្រាលីផងដែរ។សូមរំលឹកថា គណៈកម្មការទី១០ ព្រឹទ្ធសភា បានចុះអនុស្សារណៈនៃការយោគយល់ជាមួយវិទ្យាស្ថានបញ្ញាឌីជីថលកម្ពុជា នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ ដើម្បីចូលរួមលើកកម្ពស់វិស័យអប់រំតាមប្រព័ន្ធឌីជីថល នៅកម្ពុជាឱ្យបានកាន់តែប្រសើរ និងកាន់តែងាយស្រួលក្នុងការសិក្សា។
 
ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ