














ខេត្តកំពត៖ នៅថ្ងៃព្រហស្បតិ៍ ១៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសរាជ ២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ១៤:០០នាទីរសៀល គណៈប្រតិភូគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន (គណៈកម្មការទី៤) នៃព្រឹទ្ធសភា ដឹកនាំដោយ ឯកឧត្តមបណ្ឌិត នាង ផាត ប្រធានគណៈកម្មការ បានអញ្ជើញចុះបំពេញបេសកកម្មការងារ និងជួបពិភាក្សាជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្តកំពត ដឹកនាំដោយឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត នៅសាលាខេត្តកំពត។
គោលបំណងចម្បងនៃបេសកកម្មនេះគឺ៖ ដើម្បីចុះឈ្វេងយល់ តាមដាន និងត្រួតពិនិត្យការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងដែនសមត្ថកិច្ចរបស់គណៈកម្មការ រួមមាន៖
១.ការពង្រឹងអភិបាលកិច្ច សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម នៅទូទាំងខេត្ត។
២.កិច្ចការការពារបូរណភាពទឹកដី និងការលើកកម្ពស់គុណភាពជីវភាពប្រជាពលរដ្ឋ នៅមូលដ្ឋាន។
៣.ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងព្រឹទ្ធសភា និងរដ្ឋបាលខេត្ត ដើម្បីធានាបាននូវការសម្របសម្រួល និងការដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។
ជាកិច្ចចាប់ផ្តើម ថ្នាក់ដឹកនាំរដ្ឋបាលខេត្តកំពត បានធ្វើរបាយការណ៍សង្ខេបជូនគណៈប្រតិភូ អំពីស្ថានភាពទូទៅ សមិទ្ធផលការងារ និងបញ្ហាប្រឈមមួយចំនួនដែលខេត្តកំពុងជួបប្រទះ។
នៅក្នុងឱកាសនោះដែរ គណៈប្រតិភូ និងថ្នាក់ដឹកនាំខេត្ត បានផ្លាស់ប្តូរមតិយោបល់ និងពិភាក្សាគ្នាយ៉ាងផុសផុលលើវឌ្ឍនភាពការងារ ដោយផ្តោតលើចំណុចគន្លឹះចំនួន ៣ រួមមាន៖
-ការលើកកម្ពស់គុណភាពសេវាសាធារណៈឱ្យកាន់តែលឿន តម្លាភាព និងយុត្តិធម៌។
-ការពង្រឹងសន្តិសុខតាមខ្សែបន្ទាត់ព្រំដែន (គោក និងទឹក)។
-ការបន្តគាំទ្រដល់អ្នកចូលនិវត្តន៍ ជនពិការ និងគ្រួសារយុទ្ធជនពលី-របួស។
ជាលទ្ធផល៖ បេសកកម្មនេះឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ព្រឹទ្ធសភា ក្នុងតួនាទីជាតំណាងឱ្យស្ថាប័នថ្នាក់ក្រោមជាតិ និងជាអ្នកជំរុញការអនុវត្តគោលនយោបាយកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល ដើម្បីបម្រើផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមរបស់ជាតិ និងប្រជាជន៕
ប្រភព៖ នាយកដ្ឋានព័ត៌មាន