ឯកឧត្តម ម៉ាន់ ឈឿន និងឯកឧត្តម អ៊ុន វណ្ណា អញ្ជើញចូលរួមពិធីប្រកាសជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលឆ្នាំ២០២៥
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងឯកឧត្តម អ៊ុន វណ្ណា សមាជិកគណៈកម្មការទី៨ ព្រឹទ្ធសភា បានអញ្ជើញចូលរួមពិធីប្រកាសជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលឆ្នាំ២០២៥ ក្រោមអធីបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.)។ អនុលោមតាមគោលការណ៍ និងនីតិវិធីនៃការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូឆ្នាំ២០២៥ គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ បានបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនប្រកបដោយតម្លាភាព និងការទទួលខុសត្រូវខ្ពស់ ព្រមទាំងធ្វើការវាយតម្លៃ និងជ្រើសរើសជ័យលាភី អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ កម្រិតអនុវិទ្យាល័យចំនួន១០ សាលាបឋមសិក្សាចំនួន១០ និងវិស័យសុខាភិបាល កម្រិតមណ្ឌលសុខភាពចំនួន១០ ប្រកបដោយវិជ្ជាជីវៈខ្ពស់ សុចរិតភាព និងយុត្តិធម៌។
ពិធីនេះមានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួង ស្ថាប័នពាក់ព័ន្ធ, អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ, ប្រធានមន្ទីរមុខងារសាធារណៈរាជធានី ខេត្ត, ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត, ប្រធានមន្ទីរសុខាភិបាលរាជធានី ខេត្ត, ប្រធានការិយាល័យអប់រំ យុវជន និងកីឡាក្រុង ស្រុក ខណ្ឌ, ប្រធានការិយាល័យស្រុកប្រតិបត្តិ, នាយក នាយិកាអនុវិទ្យាល័យ និងសាលាបឋមសិក្សា ប្រធានមណ្ឌលសុខភាពទូទាំងប្រទេស ព្រមទាំងអ្នកសារព័ត៌មាន សរុបចំនួនប្រមាណជាង ២,០០០នាក់។

ប្រភព៖ ការិយាល័យ​ជំនួយ​ការ​គណៈកម្មការ​ទី៧ព្រឹទ្ធសភា​


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ