គណៈប្រតិភូគណៈកម្មការទី៩ នៃព្រឹទ្ធសភា អញ្ជើញចុះទស្សនកិច្ចរោងចក្រដំឡើងរថយន្ត នៅស្រុកក្រគរ ខេត្តពោធិ៍សាត់
 
ចែករំលែក ៖

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង១០និង៣០នាទី គណៈប្រតិភូគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃព្រឹទ្ធសភា (គណៈកម្មការទី៩) ដឹកនាំដោយ ឯកឧត្តម អ៊ុ សារឹទ្ធ ប្រធានគណៈកម្មការ និងមានការអមដំណើរដោយ ឯកឧត្តមបណ្ឌិត នឹង ស៊ីនី រដ្ឋលេខាធិការនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំងសហការី បានអញ្ជើញចុះទស្សនកិច្ចរោងចក្រដំឡើងរថយន្ត អ អិម អេ អូតូម៉ូធីវ ខេមបូឌា នៅស្រុកក្រគរ ខេត្តពោធិ៍សាត់។

ក្នុងឱកាសនោះ គណៈប្រតិភូត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីលោក ងន សាំង អគ្គនាយកក្រុមហ៊ុន និងសហការី ព្រមទាំងបានសិក្សាឈ្វេងយល់អំពីសកម្មភាពផលិតកម្ម បច្ចេកវិទ្យា ដំណើរការដំឡើងរថយន្ត ការប្រើប្រាស់ធនធានក្នុងស្រុក និងការអភិវឌ្ឍឧស្សាហកម្មយានយន្តនៅកម្ពុជា។

ដំណើរទស្សនកិច្ចនេះ មានគោលបំណងស្វែងយល់ពីស្ថានភាពជាក់ស្តែងនៃវិស័យឧស្សាហកម្ម និងការវិនិយោគ ការអនុវត្តបច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំងបញ្ហាប្រឈម និងសក្តានុពលនៃការអភិវឌ្ឍវិស័យផលិតកម្មក្នុងស្រុក។ ព័ត៌មាន និងបទពិសោធន៍ដែលទទួលបាន នឹងជាមូលដ្ឋានសម្រាប់គណៈកម្មការទី៩ ក្នុងការតាមដាន សិក្សា និងចូលរួមផ្តល់អនុសាសន៍ពាក់ព័ន្ធនឹងការអភិវឌ្ឍគោលនយោបាយ និងការលើកកម្ពស់វិស័យឧស្សាហកម្ម បច្ចេកវិទ្យា នវានុវត្តន៍ និងពាណិជ្ជកម្ម ឱ្យកាន់តែមានប្រសិទ្ធភាព និងចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ