









ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ ដឹកនាំដោយលោកជំទាវ ឃួន ឃុនឌី អនុប្រធានក្រុម តំណាងឯកឧត្តមបណ្ឌិត នាង ផាត ប្រធានក្រុម បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ស្មៀនឃុំ សង្កាត់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់សរុបចំនួន៦២នាក់ នៅក្រុងព្រះវិហារ និងស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ក្នុងគោលបំណងផ្សារភ្ជាប់ និងរួមប្រាស្រ័យទំនាក់ទំនងឱ្យកាន់តែជិតស្និតជាមួយអង្គបោះឆ្នោត ដើម្បីពង្រឹងការអនុវត្តតួនាទីរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ ឈ្វេងយល់ ផ្លាស់ប្តូរយោបល់ រួមគ្នាដោះស្រាយបញ្ហាប្រឈម និងសំណូមពរនានា នាព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦។
ក្នុងឱកាសនេះ លោកជំទាវ បាននាំយកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខប្រកបដោយការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ថ្នាក់ដឹកនាំព្រឹទ្ធសភា និងឯកឧត្តមបណ្ឌិត នាង ផាត ប្រធានក្រុម ដោយក្តីនឹករលឹកជូនដល់អាជ្ញាធរ និងប្រជាពលរដ្ឋក្នុងក្រុង ស្រុក ទាំងពីរ។
បន្ថែមពីនេះ លោកជំទាវ បានជម្រាបជូនអំពីសាវតារ និងសមត្ថកិច្ចរបស់ព្រឹទ្ធសភា ផ្តោតលើការអនុវត្តមុខងារស្នូលទាំងបីគឺ ១. មុខងារនីតិកម្ម ២. មុខងារតាមដានការអនុវត្តច្បាប់ ៣. មុខងារតំណាង និងក្រោមការដឹកនាំរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានដាក់ទិសដៅអាទិភាពស្នូលពីរ គឺទី១.ការលើកកម្ពស់ការទូតសភា និងទី២.ការរួមប្រាស្រ័យឱ្យកាន់តែជិតស្និទ្ធជាមួយអង្គបោះឆ្នោត។
ទន្ទឹមនិងនេះ លោកជំទាវ បានវាយតម្លៃខ្ពស់ចំពោះការអនុវត្តការងារប្រកបដោយភាពទទួលខុសត្រូវ និងបានកោតសសើរចំពោះលទ្ធផលដែលទទួលបានគួរឱ្យកត់សម្គាល់។ លោកជំទាវ បន្តលើកទឹកចិត្តដល់ក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងពង្រឹងការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព។
ជាមួយគ្នានេះ លោកជំទាវ បានជម្រាបអាជ្ញាធរមូលដ្ឋាន ត្រូវជំរុញប្រជាពលរដ្ឋ ឱ្យទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោតចាប់ពីថ្ងៃទី៧ ខែតុលា រហូតដល់ថ្ងៃ៣០ ខែវិច្ឆិកា ២០២៦ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៧ នាពេលខាងមុខ។
លោកជំទាវ បានបន្តមានប្រសាសន៍ថា ចំពោះបញ្ហាប្រឈម និងសំណូមពរនានារបស់ក្រុមប្រឹក្សាឃុំ បានលើកឡើង ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ នឹងធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំព្រឹទ្ធសភា និងគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា។
ប្រភព៖ នាយកដ្ឋានព័ត៌មាន