











នាព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ គណៈប្រតិភូគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងអធិការកិច្ច នៃព្រឹទ្ធសភា (គណៈកម្មការទី១) ដឹកនាំដោយ ឯកឧត្តម ងី ច័ន្ទ្រផល ប្រធានគណៈកម្មការ អមដំណើរដោយតំណាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែនប្រចាំខេត្តកំពង់ស្ពឺ បានអញ្ជើញជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ និងមន្ត្រីពន្ធនាគារខេត្តកំពង់ស្ពឺ ដើម្បីស្វែងយល់អំពីស្ថានភាពអ្នកជាប់ឃុំ (ពិរុទ្ធជន និងទណ្ឌិត) ព្រមទាំងបញ្ហាប្រឈម ការលំបាក និងសំណូមពរនានារបស់ពន្ធនាគារខេត្ត។
នាឱកាសនោះ ឯកឧត្តម ងី ច័ន្ទ្រផល ប្រធានគណៈកម្មការ បានពាំនាំនូវបណ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ និងឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ នៃព្រឹទ្ធសភា ជូនចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់នៃពន្ធនាគារខេត្តកំពង់ស្ពឺ។
ឯកឧត្តមប្រធានគណៈកម្មការ បានលើកឡើងថា ពន្ធនាគារ គឺជាទីកន្លែងស្តារនីតិសម្បទា និងកែប្រែឥរិយាបថជនជាប់ឃុំ តាមរយៈការអប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីឱ្យពួកគេប្រែខ្លួនជាពលរដ្ឋល្អឡើងវិញ ដែលទាមទារឱ្យមានការប្រកាន់ខ្ជាប់នូវការគោរពសិទ្ធិមនុស្ស និងសិទ្ធិមូលដ្ឋានរបស់ជនជាប់ឃុំ។ បន្ថែមលើនេះ ឯកឧត្តមបានគូសបញ្ជាក់ពីការយកចិត្តទុកដាក់លើស្ត្រីមានផ្ទៃពោះ ដោយត្រូវផ្តល់សេវាសុខាភិបាលឱ្យបានដិតដល់ និងបានសង្កត់ធ្ងន់លើការការពារសិទ្ធិកុមារតាមម្តាយ តាមរយៈការចុះបញ្ជីសំបុត្រកំណើតឱ្យបានត្រឹមត្រូវ ទាន់ពេលវេលា និងការធានានូវសុខុមាលភាព ព្រមទាំងការអភិវឌ្ឍផ្នែកស្មារតីរបស់ពួកគាត់។
បន្ទាប់ពីបានស្តាប់សេចក្តីរាយការណ៍អំពីស្ថានភាពទូទៅ បញ្ហាប្រឈម និងសំណូមពររបស់ពន្ធនាគារខេត្តកំពង់ស្ពឺ ឯកឧត្តមប្រធានគណៈកម្មការ បានកោតសរសើរចំពោះស្មារតីទទួលខុសត្រូវក្នុងការរក្សាសន្តិសុខ និងសុវត្ថិភាពនាពេលកន្លងមក។ ជាមួយគ្នានេះ គណៈកម្មការទី១ព្រឹទ្ធសភា បានកត់សម្គាល់ពីបញ្ហាប្រឈមចម្បងៗ រួមមាន ភាពចង្អៀតណែននៃបន្ទប់ឃុំឃាំង កង្វះខាតសម្លៀកបំពាក់ ឱសថ និងគ្រឿងបរិក្ខារវេជ្ជសាស្ត្រ សម្ភារឆែកឆេរ ម៉ាស៊ីនស្កែន ព្រមទាំងការបណ្តុះបណ្តាលវិជ្ជាជីវៈ។ ចំពោះសំណូមពរស្នើសុំជួយដោះស្រាយផ្លាស់ប្តូរទីតាំងពន្ធនាគារ ឧបត្ថម្ភថវិកាកសាងអគារបន្ថែម និងបំពាក់ឧបករណ៍សុវត្ថិភាព គណៈកម្មការទី១ព្រឹទ្ធសភា បានទទួលយកដើម្បីពិចារណានិងជួយអន្តរាគមន៍តាមនីតិវិធី។
ជាទីបញ្ចប់ ឯកឧត្តមប្រធានគណៈកម្មការ បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្ត្រីពន្ធនាគារ ឱ្យបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ ដើម្បីឆ្លើយតបលើតម្រូវការចាំបាច់របស់អង្គភាពឱ្យកាន់តែមានប្រសិទ្ធភាព។
ប្រភព៖ នាយកដ្ឋានព័ត៌មាន