ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ មន្ត្រី បុគ្គលិកសុខាភិបាលស្រុកប្រតិបត្តិអង្គជ័យ
រសៀលថ្ងៃទី១៣ ខែកុម្ភៈឆ្នាំ២០២៣ ឯកឧត្តម ទេព យុទ្ធី សមាជិកគណៈកម្មការទី៨ លេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ , លោកជំទាវ កង សៅរ៍ធន លេខាធិការគណៈកម្មការទី៣ សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ , ឯកឧត្តម លី សារី សមាជិកគណៈកម្មការទី៣ សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ និង ដោយមានការចូលរួមអមដំណើរពីលោក យ៉ត យ៉ា ប្រធានក្រុមប្រឹក្សាស្រុក លោក មួង នឿនអភិបាលនៃគណៈអភិបាលស្រុកអង្គជ័យ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ មន្ត្រី បុគ្គលិកសុខាភិបាលស្រុកប្រតិបត្តិអង្គជ័យ មណ្ឌលសុខភាពទាំង៨ ចំណុះស្រុកប្រតិបត្តិអង្គរជ័យ និង ក្រុមប្រឹក្សាឃុំទាំង១១ ដែលមានសមាសភាពចូលរួមចំនួន៣២នាក់ នៅក្នុងសាលប្រជុំសាលាស្រុកអង្គរជ័យ ខេត្តកំពត ។
ក្នុងពិធីសំណេះសំណាលឯកឧត្តម ទេព យុទ្ធី បានពាំនាំប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខរបស់សម្ដេចវិបុលសេនាភក្ដីប្រធានព្រឹទ្ធសភា និង បានជម្រាបជូនអំពីតួនាទី ភារកិច្ច និង មុខងាររបស់ព្រឹទ្ធសភា ព្រមទាំងបានសំណូមពរដល់មន្ត្រីសុខាភិបាល និង អាជ្ញាធរស្រុក ឃុំ បន្តយកចិត្តទុកដាក់ថែរក្សាសន្តិភាព ពង្រឹងកិច្ចការពារសន្តិសុខ សុវត្តិភាព និង សណ្ដាប់ធ្នាប់សាធារណៈឲ្យបានល្អប្រសើរ ត្រៀមលក្ខណៈឲ្យបានគ្រប់ជ្រុងជ្រោយឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ និងបន្តចុះអប់រំសុខភាពជូនប្រជាពលរដ្ឋដើម្បីបង្ការទប់ស្កាត់ការរីករាលដាលនូវជំងឺគ្រប់ប្រភេទ ពិសេសការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយត្រូវបន្តអនុវត្តនូវវិធានការ៣ការពារ និង ៣កុំ ឲ្យបានខ្ជាប់ខ្ជួនជាប់ជាប្រចាំ និង សូមធ្វើការផ្សព្វផ្សាយបំផុសឲ្យប្រជាពលរដ្ឋអញ្ជើញមកទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសជំរុញបន្តទៀតឲ្យបានគ្រប់ៗគ្នាដើម្បីបង្កើនភាពស៊ាំក្នុងសហគមន៍ ។
មុននឹងបញ្ចប់កម្មវិធីសំណេះសំណាលបានប្រគល់ជូននូវឧបករណ៍តេស្តរហ័ស( Rapid Test )កូវីដ-១៩ ចំនួន ៧២ប្រអប់ ស្មើនឹងឧបករណ៍តេស្តចំនួន១៨០០ តេស្តដល់មណ្ឌលសុខភាពទាំង៨ ដោយក្នុងមួយមណ្ឌលសុខភាពទទួលបានចំនួន៩ប្រអប់ ស្មើនឹង២២៥តេស្ត និង ឧបត្ថម្ភថវិកាថ្លៃសាំងជូនមេឃុំទាំង១១ឃុំ ចំនួនសរុប ២២០ ០០០រៀល ។
អត្ថបទពាក់ព័ន្ធ