ឯកឧត្តម ឡាយ សំកុល ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងកំណត់ទិសដៅការងារខែសីហា ឆ្នាំ២០២៥
 
ចែករំលែក ៖

នាព្រឹកថ្ងៃពុធ ទី១៣ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រចាំខែកក្កដា និងកំណត់ទិសដៅការងារខែសីហា ឆាំ២០២៥ នៅសាលសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអង្គភាពចំណុះ ចាប់ពីប្រធាននាយកដ្ឋានឡើង។
មុននឹងចាប់ផ្តើមដំណើរការអង្គប្រជុំ ឯកឧត្តមអគ្គលេខាធិការ បានស្នើដល់អ្នកចូលរួមក្នុងអង្គប្រជុំក្រោកឈរស្មិងស្មាធិ៍ដើម្បីគោរពវិញ្ញាណក្ខន្ធវីរយុទ្ធជនដែលបានពលីជីវិតក្នុងសមរភូមិប្រយុទ្ធជាមួយការឈ្លានពានរបស់កងទ័ពថៃ។
បន្ថែមពីលើទិសដៅការងារដែលបានចាក់បញ្ចាំងក្នុងវីដេអូបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងទិសដៅការងារខែសីហា ឆ្នាំ២០២៥ ឯកឧត្តមអគ្គលេខាធិការ បានជម្រាបអំពីស្ថានភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងបានណែនាំដល់អង្គភាពពាក់ព័ន្ធត្រៀមផ្តល់សេវាលើមុខងារនីតិកម្ម ដែលព្រឹទ្ធសភានឹងទទួលសេចក្តីព្រាង និងសេចក្តីស្នើច្បាប់ចំនួន២ មកពិនិត្យហើយឱ្យយោបល់។ ចំពោះការងារសហប្រតិបត្តិការអន្តរជាតិ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាត្រៀមរៀបចំជំនួបសវនាការជូនថ្នាក់ដឹកនាំព្រឹទ្ធសភា ជាមួយឥស្សរជនជាន់ខ្ពស់នៃប្រទេសជាមិត្ត និងការអញ្ជើញបំពេញទស្សនកិច្ចទៅកាន់ប្រទេសវៀតណាម។
ចំណែកមុខងារអភិវឌ្ឍន៍ស្ថាប័ន ឯកឧត្តមអគ្គលេខាធិការ បានណែនាំដល់អគ្គនាយកដ្ឋានពាក់ព័ន្ធ ពិនិត្យលើអាហាររូបករណ៍ដែលសាកលវិទ្យាល័យនានាបានផ្តល់ជូនអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សម្រាប់ចែកជូនមន្រ្តីរាជការ ឱ្យត្រូវតាមតម្រូវការ និងជំនាញរបស់អគ្គនាយកដ្ឋាននីមួយៗ ព្រមទាំងពិនិត្យលើការងារបច្ចេកវិទ្យាព័ត៌មាន និងការតាក់តែងខ្លឹមសារក្នុងទស្សនាវដ្តីព្រឹទ្ធសភាឱ្យខ្លី ខ្លឹម និងកុំឱ្យជាន់គ្នាដដែលៗ។
មុននឹងបញ្ចប់ ឯកឧត្តមអគ្គលេខាធិការ បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិក និងក្រុមយុវជន ស.ស.យ.ក នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដែលបានចូលរួមគាំទ្រសកម្មភាពទាំងនៅសមរភូមិមុខ និងនៅសមរភូមិក្រោយ ព្រមទាំងសូមបន្តខិតខំយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្តល់សេវាឱ្យបានទាន់ពេលវេលា និងគ្រប់ជ្រុងជ្រោយ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ស្ថាប័ន និងប្រទេសជាតិ។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ