ឯកឧត្តម ខេង សិទ្ធិគុណ និងឯកឧត្តម ទុយ រី អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឪពុកបង្កើតរបស់ឯកឧត្តម មុំ រ៉ាវីន នាយករងខុទ្ទកាល័យឯកឧត្តមអនុប្រធានទី១ព្រឹទ្ធសភា
 
ចែករំលែក ៖

នាព្រឹកថ្ងៃអង្គារ ១៥កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ខេង សិទ្ធិគុណ អគ្គលេខាធិការរងព្រឹទ្ធសភា និងឯកឧត្តម ទុយ រី នាយកខុទ្ទកាល័យឯកឧត្តមអនុប្រធានទី១ព្រឹទ្ធសភា តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា និងតំណាងឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម មុំ អោម ទីប្រឹក្សារាជរដ្ឋាភិបាល ត្រូវជាឪពុកបង្កើតរបស់ឯកឧត្តម មុំ រ៉ាវីន នាយករងខុទ្ទកាល័យឯកឧត្តមអនុប្រធានទី១ព្រឹទ្ធសភា ដែលបានទទួលមរណភាព កាលពីថ្ងៃអាទិត្យ ទី១ ខែមីនា ឆ្នាំ២០២៦ ក្នុងជន្មាយុ៨៤ឆ្នាំ ដោយរោគាពាធ។

ក្នុងវេលាប្រកបដោយទុក្ខសោកនេះ ឯកឧត្តមអគ្គលេខាធិការរង បានចូលរួមរំលែកទុក្ខជាមួយឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារចំពោះមរណភាពរបស់ ឯកឧត្តម មុំ អោម ដែលជាការបាត់បង់ស្វាមី ឪពុក ឪពុកក្មេក និងជីតា ជាទីគោរពស្រឡាញ់ពោរពេញទៅដោយព្រហ្មវិហារធម៌ដ៏ល្អប្រពៃ និងមានការទទួលខុសត្រូវខ្ពស់បំផុតក្នុងការបីបាច់និងអប់រំកូនចៅឱ្យក្លាយជាពលរដ្ឋល្អក្នុងសង្គម។ មរណភាព ឯកឧត្តម មុំ អោម ក៏ជាការបាត់បង់នូវអតីតមិត្តរួមការងារដ៏សកម្មបំផុត និងជាការបាត់បង់ពុទ្ធសាសនិកមួយរូបដែលមានសទ្ធាជ្រះថ្លាក្រៃលែង ចូលរួមចំណែកក្នុងការងារសង្គម មនុស្សធម៌និងទ្រទ្រង់លើកស្ទួយវិស័យព្រះពុទ្ធសាសនានៅប្រទេសកម្ពុជា។

សពឯកឧត្តម មុំ អោម ត្រូវបានតម្កល់និងធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង…។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ