អនុសាសន៍គន្លឹះ ៥ចំណុច ពីក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ជូនដល់រដ្ឋបាលក្រុងបូកគោ ដើម្បីបង្កើនប្រសិទ្ធភាពការងារបម្រើប្រជាពលរដ្ឋ
 
ចែករំលែក ៖

ខេត្តកំពត៖ នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ដឹកនាំដោយ ឯកឧត្តម ឈួន ឆាម ប្រធានស្តីទី បានអញ្ជើញជួបសំណេះសំណាលជាមួយរដ្ឋបាលក្រុងបូកគោ ក្រុមប្រឹក្សាសង្កាត់ ស្មៀនសង្កាត់ និងអាជ្ញាធរពាក់ព័ន្ធ សរុបចំនួន ៦៩នាក់។ ជំនួបនេះរៀបចំឡើងក្នុងគោលបំណងពង្រឹងទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធរវាងព្រឹទ្ធសភានិងមូលដ្ឋាន ព្រមទាំងរួមគ្នាស្វែងយល់ពីវឌ្ឍនភាព បញ្ហាប្រឈម និងស្វែងរកដំណោះស្រាយនានាលើការផ្តល់សេវាសាធារណៈ ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។

នៅក្នុងឱកាសនោះ ឯកឧត្តមប្រធានស្តីទី បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខប្រកបដោយក្តីនឹករលឹកពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភា និងបានជម្រាបជូនអំពីមុខងារសំខាន់ៗរបស់ព្រឹទ្ធសភា ព្រមទាំងសមិទ្ធផលការងារជាច្រើនដែលព្រឹទ្ធសភានីតិកាលទី៥សម្រេចបាន និងលទ្ធផលការងារចុះផ្ទាល់របស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥។

នៅក្នុងកិច្ចប្រជុំនេះ អង្គពិធីបានពិភាក្សាយ៉ាងផុសផុលលើប្រធានបទសំខាន់ៗចំនួន ៥ រួមមាន៖ ការងារអភិវឌ្ឍន៍មូលដ្ឋានឆ្នាំ២០២៥ និងទិសដៅឆ្នាំ២០២៦, ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព, ការផ្តល់សេវាសាធារណៈ, ឱកាសការងារសម្រាប់ពលករត្រឡប់មកពីប្រទេសថៃ និងការដោះស្រាយបញ្ហាប្រឈមនានា។

ទន្ទឹមនឹងការវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរក្រុង និងសង្កាត់ ឯកឧត្តមប្រធានស្តីទី បានផ្តល់អនុសាសន៍ណែនាំគន្លឹះចំនួន ៥ ចំណុច ដូចខាងក្រោម៖
១.ការពារសន្តិភាព៖ បន្តរួមគ្នាការពារឱ្យបានជាដាច់ខាតនូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងរាល់សមិទ្ធផលសង្គមជាតិ។
២.ដោះស្រាយបញ្ហាភ្លាមៗ៖ ម្ចាស់ការដោះស្រាយបញ្ហានៅមូលដ្ឋានភ្លាមៗ ដោយមិនទុកឱ្យបញ្ហាតូចរីករាលដាលជាធំឡើយ។
៣.ពង្រឹងសន្តិសុខសណ្តាប់ធ្នាប់៖ បង្ក្រាបរាល់បទល្មើស ចោរកម្ម គ្រឿងញៀន ល្បែងស៊ីសង និងជាពិសេសគឺបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online-Scam)។
៤.រដ្ឋបាលដើម្បីប្រជាជន៖ ពង្រឹងរដ្ឋបាលសាធារណៈឱ្យក្លាយទៅជា «រដ្ឋបាលដោយសារប្រជាជន និងដើម្បីប្រជាជន»។
៥.អភិវឌ្ឍន៍ប្រកបដោយចីរភាព៖ គ្រប់តួអង្គពាក់ព័ន្ធត្រូវសហការគ្នាជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព សមធម៌ និងបរិយាបន្ន។

មុននឹងបញ្ចប់ ឯកឧត្តមបានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្តេចធិបតី ក្នុងការការពារបូរណភាពទឹកដី សន្តិភាព និងការអភិវឌ្ឍ។ ជាមួយគ្នានេះ ត្រូវត្រៀមលក្ខណៈឱ្យបានល្អប្រសើរសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៧ ខាងមុខនេះ៕

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ