


















គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃព្រឹទ្ធសភា (គណៈកម្មការទី៦) ដឹកនាំដោយលោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី ប្រធានគណៈកម្មការ និងមានការចូលរួមសហការយ៉ាងជិតស្និទពីអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃ ដោយឯកឧត្តម អេង ច័ន្ទតារា អគ្គនាយករង និងជាប្រធាននាយកដ្ឋានអត្រានុកូលដ្ឋាននៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្នុងការរៀបចំសិក្ខាសាលាជាមួយសមាជិកក្រុមប្រឹក្សាឃុំ ស្មៀន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ និងមន្ត្រីដែលមានសមត្ថកិច្ចពាក់ព័ន្ធ នៅមូលដ្ឋាន ( មកពីស្រុកបាណន់ ស្រុករតនមណ្ឌល និងស្រុកសំឡូត) ខេត្តបាត់ដំបង សរុបអ្នកចូលរួមទាំងអស់មានចំនួន២៥០រូប នាព្រឹកថ្ងៃពុធ ១កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធស័ករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ នៅសាលាស្រុកបាណន់…។
ក្នុងឱកាសនោះ លោកជំទាវបណ្ឌិត បាននាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ប្រកបដោយសេចក្តីនឹករឭកពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ឯកឧត្តមអនុប្រធានទី១ និងឯកឧត្តមបណ្ឌិត អនុប្រធានទី២ព្រឹទ្ធសភា ជូនដល់ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋទូទាំងស្រុកទាំងបី។
នៅក្នុងឱកាសនោះ លោកជំទាវបណ្ឌិត បានជម្រាបពីគោលបំណងពិភាក្សា និងពង្រឹងតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់ក្រុមប្រឹក្សាឃុំ និងអាជ្ញាធរមានសមត្ថកិច្ច ស្របតាមបទប្បញ្ញត្តិច្បាប់ពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។
បន្ទាប់ពីលោកអភិបាលស្តីទី នៃគណៈអភិបាលស្រុកបាណន់ បានរាយការណ៍រួចមក ឯកឧត្តម អេង ច័ន្ទតារា អគ្គនាយករង និងជាប្រធាននាយកដ្ឋានអត្រានុកូលដ្ឋាននៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ បានជម្រាបជូនអំពីគោលបំណង ១-ដើម្បីពិនិត្យ និងវាយតម្លៃការអនុវត្តច្បាប់ស្តីពីការចុះបញ្ជីអត្រានុកូលដ្ឋាន នៅថ្នាក់ក្រោមជាតិ ដើម្បីធានាថាការអនុវត្តមានភាពស្របច្បាប់ និងមានប្រសិទ្ធភាព ២-ស្វែងយល់អំពីស្ថានភាពជាក់ស្តែង បញ្ហាប្រឈម ឧបសគ្គនានា និងដំណោះស្រាយ ដែលសមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ នាយប៉ុស្តិ៍នគរបាល និងមន្ត្រីពាក់ព័ន្ធ កំពុងជួបប្រទះក្នុងការអនុវត្តការងារ។ ព្រមទាំងបានថ្លែងអំណរគុណជាពិសេសគោរពជូនចំពោះ លោកជំទាវបណ្ឌិត ដែលបានបន្សល់ស្នាដៃ (នៅពេលលោកជំទាវបណ្ឌិត ជារដ្ឋលេខាធិការប្រចាំការនៃក្រសួងយុត្តិធម៌) បានដឹកនាំរៀបចំច្បាប់ស្តីពី“អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម”ប្រកបដោយសមត្ថភាពខ្ពស់ និងទេពកោសល្យដ៏ប៉ិនប្រសប់រហូតដល់បានទទួលជោគជ័យ គួរជាទីមោទនៈ។
ប្រភព៖ នាយកដ្ឋានព័ត៌មាន