

















ខេត្តកំពត៖ បន្ទាប់ពីជួបសំណេះសំណាលនៅក្រុងបូកគោ កាលពីព្រឹកមិញរួចមក នាពេលរសៀលថ្ងៃដដែល ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ដឹកនាំដោយ ឯកឧត្តម ឈួន ឆាម ប្រធានស្តីទី បានអញ្ជើញជួបសំណេះសំណាលជាមួយរដ្ឋបាលក្រុងកំពត ក្រុមប្រឹក្សាសង្កាត់ ស្មៀនសង្កាត់ និងអាជ្ញាធរពាក់ព័ន្ធ ដែលមានសមាសភាពចូលរួមសរុបចំនួន ៩៦នាក់។ ពិធីនេះ រៀបចំឡើងក្នុងគោលបំណងផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធរវាងព្រឹទ្ធសភា និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងដើម្បីឈ្វេងយល់ពីវឌ្ឍនភាព បញ្ហាប្រឈម និងរួមគ្នារិះរកដំណោះស្រាយនានា ពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈ ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន។
នៅក្នុងឱកាសនោះ ឯកឧត្តមប្រធានស្តីទី បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខប្រកបដោយក្តីនឹករលឹកពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភា និងបានជម្រាបជូនអំពីតួនាទី រចនាសម្ព័ន្ធ មុខងាររបស់ព្រឹទ្ធសភា ជាពិសេសនៅនីតិកាលទី៥នេះ សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវអាទិភាពចម្បងចំនួន២ទៀតគឺ ទី១-លើកកម្ពស់ការទូតសភា និងទី២-ជំរុញឱ្យចុះធ្វើការយ៉ាងជិតស្និតជាមួយអង្គបោះឆ្នោត ព្រមទាំងជម្រាបអំពីសមិទ្ធផលការងារជាច្រើនដែលព្រឹទ្ធសភានីតិកាលទី៥សម្រេចបាន និងលទ្ធផល ការងារចុះផ្ទាល់របស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥។
ក្នុងឱកាសនោះដែរ ឯកឧត្តមប្រធានស្តីទី បានសម្តែងនូវការគោរពដឹងគុណចំពោះពលិកម្មគ្រប់បែបយ៉ាងរបស់វីរយុទ្ធជន ក្នុងបុព្វហេតុការពារជាតិ មាតុភូមិ និងសូមកោតសរសើរនូវវប្បធម៌ចែករំលែករបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋគ្រប់រូប ដែលបានជួយសម្រាលទុក្ខលំបាកវីរកងទ័ពនៅសមរភូមិមុខ និងប្រជាពលរដ្ឋភៀសសឹកនៅតាមបណ្តាខេត្តជាប់ព្រំដែនថៃ។ ទន្ទឹមនឹងនេះ ឯកឧត្តមបានអំពាវនាវដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បន្តជឿទុកចិត្តលើការដឹកនាំរបស់ សម្តេចតេជោ និង សម្តេចធិបតី ក្នុងការការពារបូរណភាពទឹកដី សុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ។
បន្ទាប់ពីស្តាបរបាយការណ៍របស់សង្កាត់នីមួយៗ និងការបកស្រាយបំភ្លឺពីរដ្ឋបាលខេត្ត ក្រុងកំពតរួចមក ឯកឧត្តមប្រធានស្តីទី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលក្រុង សង្កាត់ និងអាជ្ញាធរពាក់ព័ន្ធ ព្រមទាំងបានណែនាំឱ្យរួមសាមគ្គីគ្នាដោះស្រាយបញ្ហាប្រឈមដែលនៅសេសសល់ ដោយពង្រួមពីបញ្ហាធំមកតូច និងពីតូចមកជាគ្មានបញ្ហា។ ទន្ទឹមនឹងនេះ ឯកឧត្តមប្រធានស្តីទី ក៏បានផ្តល់អនុសាសន៍សំខាន់ៗចំនួន ៥ចំណុច ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់៖ ១. ត្រូវបន្តរួមគ្នាខិតខំការពារឱ្យបានជាដាច់ខាតនូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងរាល់សមិទ្ធផលសង្គមជាតិ។ ២. ម្ចាស់ការក្នុងការដោះស្រាយបញ្ហានៅមូលដ្ឋានភ្លាមៗ កុំទុកឱ្យបញ្ហាតូចរីករាលដាលជាធំ។ ៣. រក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គមឱ្យបានល្អ តាមរយៈការបង្ក្រាបបទល្មើស ចោរឆក់ ចោរប្លន់ គ្រឿងញៀន ល្បែងស៊ីសង និងជាពិសេសគឺបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online-Scam)។ ៤. ពង្រឹងរដ្ឋបាលសាធារណៈឱ្យទៅជារដ្ឋបាល «ដោយសារប្រជាជន និងដើម្បីប្រជាជន»។ ៥. គ្រប់តួអង្គពាក់ព័ន្ធត្រូវសហការគ្នាជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព សមធម៌ និងបរិយាបន្ន។
នៅទីបញ្ចប់ ឯកឧត្តមបានណែនាំដល់អាជ្ញាធរទាំងអស់ ត្រូវត្រៀមលក្ខណៈឱ្យបានល្អប្រសើរ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៧ខាងមុខ ដោយជំរុញឱ្យប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោត ទៅចូលរួមចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់គ្នា និងចូលរួមពិនិត្យឈ្មោះបោះឆ្នោត ព្រមទាំងត្រៀមរាល់ឯកសារសម្រាប់បម្រើការបោះឆ្នោត៕
ប្រភព៖ នាយកដ្ឋានព័ត៌មាន