














នាព្រឹកថ្ងៃសុក្រ ៣កេីត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៧ ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន និងថ្នាក់ដឹកនាំនៃគណៈអភិបាលខណ្ឌជ្រោយចង្វារ បានអញ្ជើញដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសមាគមបេសកកម្មមនុស្សធម៌ប្រទេសបារាំងនៅកម្ពុជា AMH ចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តទៅនៅវត្តបុទុមគង្គារ (ហៅវត្តបាក់ខែង)។
នៅក្នុងឱកាសនេះដែរ ឯកឧត្តមអគ្គលេខាធិការ បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំព្រឹទ្ធសភា និងរាជរដ្ឋាភិបាល ដែលតែងតែយកចិត្តទុកដាក់អំពីសុខុមាលភាពរស់នៅរបស់ប្រជាពលរដ្ឋទូទាំងប្រទេស។
ឯកឧត្តមអគ្គលេខាធិការ បានថ្លែងនូវការកោតសរសើរដោយស្មោះចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាគម រួមជាមួយនឹងការសម្របសម្រួលពីអាជ្ញាធរមូលដ្ឋាន និងក្រុមការងារចុះមូលដ្ឋានខណ្ឌ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយសម្រួលបន្ទុកសុខាភិបាលមួយផ្នែកជូនដល់ប្រជាពលរដ្ឋក្នុងសង្កាត់ព្រែកលៀប។ ជាមួយគ្នានោះដែរ ឯកឧត្តម ឡាយ សំកុល ក៏បានពាំនាំយកនូវកញ្ចប់សម្ភារៈប្រេីប្រាស់រួមមានថ្នាំពេទ្យ និងសម្លៀកបំពាក់ដែលទទួលបានពី ឯកឧត្ដម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា ដើម្បីជូនដល់ប្រជាពលរដ្ឋដែលបានមកពិនិត្យសុខភាពសរុបចំនួន១០០ នាក់ និងបានប្រគល់រទេះរុញចំនួន២គ្រឿងជូនដល់ប្រជាពលរដ្ឋដែលមានពិការភាពផងដែរ។
ជាកិច្ចបញ្ចប់ ឯកឧត្តម ឡាយ សំកុល បានចូលរួមឧបត្ថម្ភថវិកាដើម្បីរួមចំណែកទ្រទ្រង់កម្មវិធីដ៏មានអត្ថន័យនេះឱ្យប្រព្រឹត្តទៅបានដោយរលូន ដោយបានឧបត្ថម្ភដល់ក្រុមការងារសង្កាត់ព្រែកលៀប ចំនួន ១,០០០,០០០រៀល ក្រុមគ្រូពេទ្យស្ម័គ្រចិត្តបារាំង ចំនួន ១,០០០,០០០រៀល និងបងប្អូនពូមីងជាប្រជាពលរដ្ឋដែលបានមកពិនិត្យព្យាបាលជំងឺក្នុងម្នាក់ៗ ចំនួន ២០,០០០រៀល។ ក្នុងនោះដែរ ឯកឧត្ដមក៏ បានអញ្ជេីញចូលថ្វាយបង្គំព្រះចៅអធិការវត្តបុទុមគង្គារ (ហៅវត្តបាក់ខែង) និងប្រគេនបច្ច័យទ្រទ្រង់វត្ត ចំនួន ១,០០០,០០០រៀលផងដែរ។
ខ្លឹមសារ៖ ខុទ្ទកាល័យឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាន