



នាល្ងាចថ្ងៃអាទិត្យ ៥កើត ខែទុតិយាសាធ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ នេះ ក្នុងឱកាសចុះបំពេញបេសកកម្មនៅទឹកដីខេត្តពោធិ៍សាត់ គណៈប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃព្រឹទ្ធសភា (គណៈកម្មការទី៨) ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការ អមដំណើរដោយថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ បានអញ្ជើញនាំយកនូវទេយ្យទាន ព្រមទាំងបច្ច័យមួយចំនួន ទៅវេរប្រគេនព្រះតេជគុណឥន្ទត្ថេរោ នៅ សុគន្ធថៃ (លោកតា ហ៊ួរ) ព្រះចៅអធិការ និងជាព្រះគ្រូសូត្រស្តាំ ដែលគង់ចាំព្រះវស្សា នៅវត្តហង្សាបីតិ ហៅព្រែកស្ដី ស្ថិតក្នុងសង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
ក្នុងឱកាសដ៏វិសេសវិសាលនោះដែរ លោកជំទាវប្រធាន និងប្រតិភូអមដំណើរ បានឧទ្ទិសកុសលផលបុណ្យដែលកើតចេញពីសទ្ធាជ្រះថ្លានេះជូនដល់បុព្វការីជន មានជីដូន ជីតា មាតាបិតា ញាតិការទាំងប្រាំពីរជំនាន់ ព្រមទាំងវីរយុទ្ធជន យុទ្ធនារី អ្នកស្នេហាជាតិមាតុភូមិ និងប្រជាពលរដ្ឋកម្ពុជា ដែលបានពលី និងមរណកាលទៅកាន់លោកខាងមុខ សូមឱ្យវិញ្ញាណក្ខន្ធរបស់អស់លោកទាំងអស់ បានទៅសោយសុខក្នុងឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
ប្រភព៖ នាយកដ្ឋានព័ត៌មាន