

















នាព្រឹកថ្ងៃអាទិត្យ ទី១៩ ខែកក្កដា ឆ្នាំ២០២៦ ស្ថិតនៅអនុវិទ្យាល័យបន្ទាយខ្មែរ ភូមិបន្ទាយខ្មែរ ឃុំជើងរាស់ ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ឯកឧត្តម ឈិត សុខុន ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ បានអញ្ជើញចូលរួមពិធីផ្សព្វផ្សាយអប់រំសុខភាព វគ្គសង្គ្រោះបឋម និងពិនិត្យព្យាបាលជំងឺ ចែកឱសថជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។
ពិធីនេះក៏មានការសំណេះសំណាល និងចែកស្បៀងអាហារ ជានំប៉័ង និងទឹកបរិសុទ្ធ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ចំនួន១៦,៧៩៦នាក់ ស្រីចំនួន១១,៥៨៩នាក់។ ការពិគ្រោះព្យាបាលជំងឺរួមមាន៖ ជំងឺទូទៅ ផ្លូវចិត្ត ទូទៅផ្នែកកុមារ រោគស្ត្រី ឬសដូងបាត សួត ក្រពះ ពោះវៀន ផ្លូវដង្ហើម ប្រដាប់រំលាយអាហារ សើស្បែក ដង្កូវព្រូន ស្លេកស្លាំង សន្លាក់ឆ្អឹង រលាកថ្លើម កាមរោគ គ្រុនចាញ់ គ្រុនឈាម ភ្នែក សុខភាពមាត់ធ្មេញ ទឹកនោមផ្អែម បេះដូង លើសឈាម ត្រចៀក ច្រមុះ បំពង់ក តម្រងនោម។ ជំងឺទាំងអស់នេះ មានជំងឺមួយចំនួនត្រូវបានពិនិត្យដោយអេកូសាស្ត្រ ម៉ាស៊ីនផ្លុំរកមេរោគក្រពះតាមរយៈខ្យល់ដង្ហើម វាស់ចង្វាក់បេះដូង មន្ទីរពិសោធន៍ (វិភាគឈាម) និងមានវះកាត់តូច ព្យាបាលរបួស និងមានចែកវ៉ែនតា ចំនួន១,២០០៕
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៧ព្រឹទ្ធសភា
សម្រួលខ្លឹមសារ៖ នាយកដ្ឋានព័ត៌មាន