














ខេត្តត្បូងឃ្មុំ៖ នាព្រឹកថ្ងៃចន្ទ ៦កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឡាន់ ឆន អនុប្រធានក្រុមព្រឹទ្ធសភាប្រចាំភូមិភាគទី២ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអញ្ជើញដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃសមាគមបេសកកម្មមនុស្សធម៌ប្រទេសបារាំងនៅកម្ពុជា (AMH) ចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ នៅមន្ទីរពេទ្យបង្អែកអូររាំងឳ ស្ថិតក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។
នៅក្នុងឱកាសដ៏ថ្លៃថ្លានោះ ឯកឧត្តមអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកបំផុតពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចគតិ្តព្រឹទ្ធបណ្ដិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងឯកឧត្តមអនុប្រធានទី១ និងឯកឧត្តមបណ្ឌិត អនុប្រធានទី២ នៃព្រឹទ្ធសភា ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជានិច្ចកាល ថ្នាក់ដឹកនាំកំពូលៗតែងតែយកចិត្តទុកដាក់ និងគិតគូរខ្ពស់ពីសុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។
ទន្ទឹមនឹងនេះ ឯកឧត្តម ឡាន់ ឆន ក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះទឹកចិត្តមនុស្សធម៌ និងកិច្ចខិតខំប្រឹងប្រែងរបស់សមាគម AMH ព្រមទាំងការសម្របសម្រួលយ៉ាងជិតស្និទ្ធពីអាជ្ញាធរដែនដី និងក្រុមការងារចុះមូលដ្ឋានស្រុកអូររាំងឪ។ សកម្មភាពដ៏មានសារៈសំខាន់នេះ មិនត្រឹមតែបានជួយសម្រាលបន្ទុកចំណាយលើសេវាសុខាភិបាលមួយផ្នែកធំរបស់ប្រជាពលរដ្ឋនៅក្នុងឃុំអូររាំងឳប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់វិស័យសុខាភិបាល និងថែទាំសុខភាពជូនប្រជាជននៅតាមជនបទផងដែរ។
ក្រៅពីសកម្មភាពមនុស្សធម៌ ឯកឧត្តមក៏បានឆ្លៀតឱកាសជម្រាបជូនអង្គពិធីទាំងមូលអំពីសាវតារ រចនាសម្ព័ន្ធ តួនាទី ភារកិច្ច មុខងារ និងសមត្ថកិច្ចរបស់ព្រឹទ្ធសភា ព្រមទាំងអាទិភាពចម្បងចំនួនពីរនៃព្រឹទ្ធសភានីតិកាលទី៥ គឺការលើកកម្ពស់ការទូតសភា និងការបង្កើនការរួមប្រាស្រ័យទាក់ទងឱ្យកាន់តែជិតស្និទ្ធជាមួយអង្គបោះឆ្នោត ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាតំណាងដ៏ពិតប្រាកដរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
មុននឹងបញ្ចប់ ឯកឧត្តមអនុប្រធានក្រុម បានលើកឡើងអំពីបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋមានទំនុកចិត្តខ្ពស់លើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែនតាមសន្តិវិធី តាមរយៈយន្តការការទូត ស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន។ ជាមួយគ្នានោះដែរ ឯកឧត្តមក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ឱ្យយកចិត្តទុកដាក់ថែរក្សាសុខភាពផ្ទាល់ខ្លួន ដោយការរស់នៅស្អាត ហូបស្អាត និងកាត់បន្ថយការបរិភោគអាហារដែលមានជាតិប្រៃ ផ្អែម ឬខ្លាញ់ច្រើនហួសប្រមាណ ដើម្បីជៀសវាងជំងឺដំកាត់ផ្សេងៗដែលអាចកើតឡើងជាយថាហេតុ៕
ប្រភព៖ នាយកដ្ឋានព័ត៌មាន