គណៈប្រតិភូគណៈកម្មការទី៨ នៃព្រឹទ្ធសភា ចុះស្វែងយល់ពីវឌ្ឍនភាពសិប្បកម្មកែច្នៃគ្រឿងសង្ហារឹមពីដើមត្នោត នៅខេត្តពោធិ៍សាត់
 
ចែករំលែក ៖

ខេត្តពោធិ៍សាត់៖ នារសៀលថ្ងៃចន្ទ ៦កើត ខែទុតិយាសាធ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ គណៈប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃព្រឹទ្ធសភា (គណៈកម្មការទី៨) ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការ អមដំណើរដោយថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ បានអញ្ជើញចុះទស្សនកិច្ចឈ្វេងយល់ពីវឌ្ឍនភាពការងារ ព្រមទាំងជួបសំណេះសំណាលជាមួយម្ចាស់សិប្បកម្ម និងកម្មករ នៅសិប្បកម្ម សានពៅ ដែលជាទីតាំងកែច្នៃគ្រឿងសង្ហារឹមពីដើមត្នោត ស្ថិតក្នុងភូមិបឹងឈូក ឃុំបឹងបត់កណ្តោលស្រុកបាកាន ខេត្តពោធិ៍សាត់។

ដំណើរចុះទស្សនកិច្ចនេះ ធ្វើឡើងក្នុងគោលបំណងពិនិត្យមើលវឌ្ឍនភាព ការអភិវឌ្ឍខ្សែច្រវាក់ផលិតកម្ម និងការច្នៃចេញពីដើមត្នោត ដែលជាឈើអត្តសញ្ញាណជាតិ ឱ្យទៅជាគ្រឿងសង្ហារឹមមានតម្លៃ និងវត្ថុអនុស្សាវរីយ៍ ព្រមទាំងពិនិត្យស្ថានភាពទីកន្លែងបំពេញការងារ និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ជូនដល់ប្រជាពលរដ្ឋក្នុងសហគមន៍ ដើម្បីជួយដល់ជនពិការ នឹងចាស់ជរាឱ្យមានការងារធ្វើប្រចាំថ្ងៃ និងការគាំទ្រលើកទឹកចិត្តដល់ម្ចាស់សិប្បកម្ម និងកម្មករ ដែលបានរួមចំណែកលើកកម្ពស់ផលិតផលក្នុងស្រុក និងបង្កើតឱកាសការងារនៅតាមមូលដ្ឋាន។
ក្នុងឱកាសនោះ លោកជំទាវប្រធានគណៈប្រតិភូ បានកោតសរសើរថា សិប្បកម្ម សានពៅ គឺជាសិប្បកម្មក្នុងស្រុកដ៏លេចធ្លោមួយ ក្នុងការច្នៃប្រឌិតដើមត្នោតឱ្យទៅជាសម្ភារប្រើប្រាស់ និងគ្រឿងសង្ហារឹមយ៉ាងប្រណីត។ សកម្មភាពនេះ មិនត្រឹមតែជួយអភិរក្សតម្លៃដើមត្នោតខ្មែរប៉ុណ្ណោះទេ ថែមទាំងបានចូលរួមចំណែកយ៉ាងសកម្មក្នុងការបង្កើនប្រាក់ចំណូល និងកាត់បន្ថយការធ្វើចំណាកស្រុករបស់ប្រជាពលរដ្ឋនៅក្នុងស្រុកបាកានផងដែរ៕

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ