ឯកឧត្តម ឡាន់ ឆន អំពាវនាវប្រជាពលរដ្ឋនៅស្រុកអូររាំងឪ ឱ្យបន្តជឿទុក្ខចិត្តទៅលើសម្តេចតេជោ និងសម្តេចបវធិបតី ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ
 
ចែករំលែក ៖

ឯកឧត្តម ឡាន់ ឆន អនុប្រធាន​ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុច បូររិទ្ធ អនុ​ប្រធានទី១ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅស្រុកអូររាំងឪ ឱ្យបន្តជឿទុក្ខចិត្តទៅលើសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី និងយន្តការការទូត ស្រមតាមធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន។

ឯកឧត្តមអនុប្រធាន​ក្រុមភូមិភាគទី២ បានលើកឡើងដូច្នេះ ក្នុងឱកាសដែលឯកឧត្តមដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃសមាគមបេសកកម្ម​មនុស្សធម៌​ប្រទេសបារាំង​នៅកម្ពុជា AMH ចុះពិនិត្យ​ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋស្រុកអូររាំងឪ នៅវិទ្យាល័យហេង សំរិន ចក ស្ថិតក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ​ នាព្រឹកថ្ងៃអង្គារ ៧កេីត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦។

នៅក្នុងឱកាសនេះដែរ ឯកឧត្តអនុប្រធានក្រុមភូមិភាគទី២ បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចគតិ្តព្រឹទ្ធបណ្ដិត ប៊ុន រ៉ានីហ៊ុន សែន, ឯកឧត្តមអនុ​ប្រធានទី១  និងឯកឧត្តមបណ្ឌិត អនុ​ប្រធានទី២ព្រឹទ្ធសភា ដែលតែងតែយកចិត្តទុកដាក់អំពីសុខុមាលភាពរស់នៅរបស់ប្រជាពលរដ្ឋទូទាំងប្រទេស។

ទន្ទឹមនឹងនេះ ឯកឧត្តមអនុប្រធានក្រុម ក៏បានថ្លែងអំណរគុណ ដល់រដ្ឋបាលស្រុកក្នុងការជួយសម្របសម្រួលការងារ និងទីតាំងសម្រាប់ក្រុមគ្រូពេទ្យ ព្រមទាំងបានបន្តកោតសរសើរ និងអរគុណដោយស្មោះចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត AMH ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយសម្រួលបន្ទុកសុខាភិបាលមួយផ្នែកជូនដល់ប្រជាពលរដ្ឋក្នុងស្រុកអូររាំងឳ។

នៅឱកាសនោះដែរ ឯកឧត្តមអនុប្រធាន​ក្រុម បានគូសបញ្ជាក់អំពីអាទិភាពចម្បងរបស់ព្រឹទ្ធសភានីតិកាលទី៥ គឺទី១.ការលើកកម្ពស់ការទូតសភា និងទី២.ការរួមប្រាស្រ័យឱ្យកាន់តែជិតស្និទ្ធជាមួយអង្គបោះឆ្នោត ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាតំណាងដ៏ពិតប្រាកដរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ បន្ថែមពីនេះ ឯកឧត្តមបានផ្តាំផ្ញើដល់ប្រជាពលរដ្ឋចូលរួមថែរក្សាសុខភាព កុំបរិភោគអាហារណា ដែលមានជាតិប្រៃពេក ផ្អែមពេក និងជាតិខ្លាញ់ច្រើនពេក។ មុននឹងបញ្ចប់ ឯកឧត្តមបានប្រគល់លិខិតថ្លែងអំណរអរគុណ និងវត្ថុអនុស្សាវរីយ៍ រួមមាន ទឹកឃ្មុំ និងនំខ្មែរ ជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្ត AMH ៕

ប្រភព៖នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ