






ឯកឧត្ដម ឡាន់ ឆន អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ អមដំណើរដោយឯកឧត្តមអភិបាលរងខេត្តត្បូងឃ្មុំ លោកប្រធានក្រុមប្រឹក្សាស្រុក និងលោកអភិបាលស្រុកអូររាំងឪ បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំ នាយប៉ុស្តិ៍នគររបាលរដ្ឋបាលឃុំ ស្មៀនឃុំ ចំនួន១៣នាក់ នៃឃុំចក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នារសៀលថ្ងៃអង្គារ ៧កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធស័ករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦។
កិច្ចសំណេះសំណាលនេះ មានគោលបំណងដើម្បីស្តាប់ពីបញ្ហាប្រឈម និងសំណូមពរផ្សងៗរបស់ឃុំ ជាពិសេសការប្រាស្រ័យទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយអង្គបោះឆ្នោត។
ក្នុងឱកាសនោះផងដែរ ឯកឧត្ដមបានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ និងឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា ជូនអង្គពិធីផងដែរ។
បន្ទាប់ពីបានស្តាប់សេចក្តីរាយការណ៍របស់អជ្ញាធរឃុំ អំពីការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ, ការងារអភិវឌ្ឍន៍ឃុំ បញ្ហាប្រឈម និងសំណូមពរផ្សេងៗ រួចមក ឯកឧត្ដមអនុប្រធានក្រុមភូមិភាគទី២ បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុក្ខដាក់របស់អាជ្ញាធរមូលដ្ឋាន លើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍមូលដ្ឋានឃុំ។ ក្នុងនោះ ឯកឧត្ដមក៏បានណែនាំឱ្យអាជ្ញាធរឃុំ ត្រៀមលក្ខណៈឱ្យបានល្អប្រសើរ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៧ ខាងមុខ ដោយជំរុញឱ្យប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោត ទៅចូលរួមចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់គ្នា ការចូលរួមពិនិត្យឈ្មោះបោះឆ្នោត និងការត្រៀមឯកសារបម្រើការបោះឆ្នោត។ មុននឹងបញ្ចប់ ឯកឧត្ដមបានឧបត្ថម្ភដល់អ្នកចូលរួមទាំងអស់ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ២ម៉ឺនរៀល៕
ប្រភព៖ នាយកដ្ឋានព័ត៌មាន