














នារសៀលថ្ងៃព្រហស្បតិ៍ ៩កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ គណៈប្រតិភូគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃព្រឹទ្ធសភា (គណៈកម្មការទី៧) ដឹកនាំដោយឯកឧត្តម ឈិត សុខុន ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា បានអញ្ជើញជួបពិភាក្សាការងារជាមួយអាជ្ញាធរខេត្តកែប និងមន្ទីរជំនាញពាក់ព័ន្ធ ដឹកនាំដោយឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប នៅសាលាខេត្តកែប។
ជំនួបខាងលើនេះ ឯកឧត្តមប្រធាន បានពាំនាំផ្តាំផ្ញើសួរសុខទុក្ខថ្នាក់ដឹកនាំខេត្ត មន្ទីរជំនាញ និងប្រជាពលរដ្ឋទូទាំងខេត្តកែប ពីសំណាក់ ថ្នាក់ដឹកនាំព្រឹទ្ធសភា និងបានបញ្ជាក់អំពីគោលបំណងរបស់គណៈកម្មការអញ្ជើញមកនៅពេលនេះ គឺដើម្បីឈ្វេងយល់ និងប្រមូលព័ត៌មានអំពីវឌ្ឍនភាពការងារ បញ្ហាប្រឈម វិធានការ និងចក្ខុវិស័យទៅមុខរបស់រដ្ឋបាលសាលាខេត្ត ព្រមទាំងមន្ទីរជំនាញពាក់ព័ន្ធវិស័យជាសមត្ថកិច្ច។
ឯកឧត្តមប្រធាន បានជម្រាបជូនពីការងារស្នូលរបស់គណៈកម្មការទី៧ ព្រឹទ្ធសភា និងបានកោតសរសើរចំពោះការអភិវឌ្ឍខេត្តកែប ព្រមទាំងជំរុញការពង្រឹងគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ការជួញដូរមនុស្ស ជួញដូរគ្រឿងញៀន បង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ និងបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។ ចំពោះវិស័យជំនាញ ត្រូវលើកកម្ពស់ការបណ្តុះបណ្តាលធនធានមនុស្ស ភាសាបរទេស ជំនាញវិជ្ជាជីវៈ ការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ព្រមទាំងជំរុញចលនាយុវជនម្នាក់ចេះកីឡាមួយប្រភេទប្រចាំជីវិត ធានាសិទ្ធិសេរីភាពខាងជំនឿ និងការប្រតិបត្តិតាមផ្លូវសាសនា ការរួមរស់ដោយសុខដុមរមនារវាងគ្រប់សាសនាទាំងអស់ ការថែររក្សានិងអភិរក្សបេតិកភណ្ឌសិល្បៈ ប្រពៃណី ទំនៀមទំលាប់ដ៏ល្អផូរផង់របស់ខ្មែរ ដែលជាអត្តសញ្ញាណដើមរបស់ជាតិ ជំរុញចលនាការប្រឡងប្រណាំងទីក្រុងស្អាត ការថែរក្សាបរិស្ថាន អនាម័យ នៅតាមបណ្តារមណីយដ្ឋាននានា ដើម្បីទាក់ទាញភ្ញៀវទេសចរមកទស្សនាកម្សាន្ត រួមចំណែកសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។
ប្រភព៖ នាយកដ្ឋានព័ត៌មាន