គណៈប្រតិភូគណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយអាជ្ញាធរខេត្តតាកែវ និងមន្ទីរជំនាញពាក់ព័ន្ធវិស័យជាសមត្ថកិច្ច
 
ចែករំលែក ៖

នាព្រឹកថ្ងៃសុក្រ ១០កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ គណៈប្រតិភូគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃព្រឹទ្ធសភា (គណៈកម្មការទី៧) ដឹកនាំដោយឯកឧត្តម ឈិត សុខុន ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា បានអញ្ជើញជួបពិភាក្សាការងារជាមួយអាជ្ញាធរខេត្តតាកែវ និងមន្ទីរជំនាញពាក់ព័ន្ធ ដឹកនាំដោយលោកស្រី ឡុង បូណារេត អភិបាលរង នៃគណៈអភិបាលខេត្ត នៅសាលាខេត្តតាកែវ។

ជំនួបខាងលើនេះ ឯកឧត្តមប្រធាន បានពាំនាំផ្តាំផ្ញើសួរសុខទុក្ខថ្នាក់ដឹកនាំខេត្ត មន្ទីរជំនាញ និងប្រជាពលរដ្ឋទូទាំងខេត្តតាកែវ ពីសំណាក់ ថ្នាក់ដឹកនាំព្រឹទ្ធសភា និងបានបញ្ជាក់អំពីគោលបំណងរបស់គណៈកម្មការអញ្ជើញមកនៅពេលនេះ គឺដើម្បីឈ្វេងយល់ និងប្រមូលព័ត៌មានអំពីវឌ្ឍនភាពការងារ បញ្ហាប្រឈម វិធានការ និងចក្ខុវិស័យទៅមុខរបស់រដ្ឋបាលសាលាខេត្ត ព្រមទាំងមន្ទីរជំនាញពាក់ព័ន្ធវិស័យជាសមត្ថកិច្ច។

ឯកឧត្តមប្រធាន បានជម្រាបជូនពីការងារស្នូលរបស់គណៈកម្មការទី៧ ព្រឹទ្ធសភា និងបានកោតសរសើរចំពោះការអភិវឌ្ឍខេត្តតាកែវ ព្រមទាំងជំរុញការពង្រឹងគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ការជួញដូរមនុស្ស ជួញដូរគ្រឿងញៀន បង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ និងបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។ ចំពោះវិស័យជំនាញ បន្តជំរុញមាតាបិតា អាណាព្យាបាល សហគមន៍ ឱ្យចូលរួមក្នុងការអប់រំ ស្របតាមពាក្យស្លោក “ភាពជាដៃគូរដ្ឋ និងសហគមន៍ ដើម្បីអប់រំ” លើកកម្ពស់ការបណ្តុះបណ្តាលធនធានមនុស្ស ភាសាបរទេស ជំនាញវិជ្ជាជីវៈ ការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) លើកទឹកចិត្តកុមារ និងយុវជនឱ្យមានស្មារតីទទួលខុសត្រូវ មានជំនឿលើសមត្ថភាពរបស់ខ្លួន និងប្រកាន់ខ្ជាប់នូវទង្វើវិជ្ជមានក្នុងសង្គម សូមឱ្យមជ្ឈមណ្ឌលសាសនាក្នុងខេត្តទាំងអស់ បន្តអនុវត្តន៍គោលនយោបាយសុខដុមរមនីយកម្មសាសនា ក្នុងការប្រែក្លាយជាគំរូល្អលើគ្រប់ទិដ្ឋភាពទាំងសីលធម៌ គុណធម៌ សុជីវធម៌ បន្តពង្រីកពុទ្ធិកសិក្សា សាលាធម៌វិន័យដើម្បីបណ្តុះបណ្តាលធនធានព្រះសង្ឃ និងកាត់បន្ថយអត្រាអនក្ខរភាពក្នុងសង្គម បន្តផ្សព្វផ្សាយវប្បធម៌ អរិយធម៌ សិល្បៈ ប្រពៃណី និងសំណង់បុរាណដ៏ផូរផង់ដែលបន្សល់ទុកពីដូនតា ឱ្យបានទូលំទូលាយទាំងក្នុងតំបន់និងអន្តរជាតិ ការអភិរក្សនិងការអភិវឌ្ឍលើវិស័យវប្បធម៌ ត្រូវបោះជំហានទន្ទឹមគ្នាដើម្បីរក្សាឱ្យបានគង់វង្សនូវការអត្តសញ្ញាណដើមរបស់ជាតិ បន្តជំរុញនិងផ្សព្វផ្សាយ សក្តានុពលទេសចរណ៍នៅតាមបណ្តាញសង្គម និងតាមមធ្យោបាយផ្សេងៗឱ្យកាន់តែសកម្មបន្ថែមទៀត ជាពិសេសការរៀបចំព្រឹត្តិការណ៍ទេសចរណ៍ថ្មីៗប្លែក និងទាក់ទាញ ជំរុញចលនាការប្រឡងប្រណាំងទីក្រុងស្អាត ការថែរក្សាបរិស្ថាន អនាម័យ នៅតាមបណ្តារមណីយដ្ឋាននានា ដើម្បីទាក់ទាញភ្ញៀវទេសចរមកទស្សនាកម្សាន្ត រួមចំណែកសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ