



















ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ (ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តកោះកុង និងខេត្តព្រះសីហនុ) ដឹកនាំដោយឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានក្រុម លោកជំទាវ ម៉ែន ស៊ុន ម៉ុង ឫទ្ធី បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «ស្ពានព្រែកបាញ់លះ» ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ ប្រធានក្រុមប្រឹក្សាខេត្ត តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង ប្រធានក្រុមប្រឹក្សាស្រុក អភិបាលស្រុក មេឃុំទាំង៥ នៃស្រុកជលគិរី សប្បុរសជន និងបងប្អូនប្រជាពលរដ្ឋ សរុបប្រមាណ២៥០នាក់ ស្ថិតនៅភូមិគៀនតាម៉ា ឃុំកំពង់អុស ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃសុក្រ ១១កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធស័ករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានក្រុម បាននាំយកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខប្រកបដោយការយកចិត្តទុកដាក់ ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ឯកឧត្តមអនុប្រធានទី១ និងឯកឧត្តមបណ្ឌិត អនុ ប្រធានទី២ព្រឹទ្ធសភា ដោយក្តីនឹករលឹក និង យកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ និងជីវ ភាពរស់នៅរបស់ប្រជាពលរដ្ឋ និងអំពាវនាវដល់ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំងគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋឱ្យចូលរួមថែរទាំសុខភាព ជៀសវាងអាហារដែលមានជាតិគីមី។
សូមជម្រាបថា ស្ពានព្រែកបាញ់លះ ជាស្ពានបេតុងមានប្រវែង ៣៧ម៉ែត្រ ទទឹង ៥ម៉ែត្រ និងកម្ពស់៤ម៉ែត្រ ដែលបានចាប់ផ្តើមសាងសង់ពីថ្ងៃទី២៩ ខែមេសា និងបញ្ចប់ការសាងសង់នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦។ ស្ពាននេះ ត្រូវបានកសាងឡើងដោយមានការផ្តួចផ្តើម និងការចូលរួមឧបត្ថម្ភគាំទ្រពី ឯកឧត្តម សាយ បូរិន សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ ទទួលបន្ទុកខេត្តកំពង់ឆ្នាំង និងលោកជំទាវ សុខ ឃុន្នី រួមជាមួយអាជ្ញាធរមូលដ្ឋាន មន្ត្រីរាជការ សប្បុរសជន និងប្រជាពលរដ្ឋ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងក្នុងការធ្វើដំណើរ ការដឹកជញ្ជូនកសិផល ការធ្វើអាជីវកម្ម ការសិក្សារបស់សិស្សានុសិស្ស។
ក្នុងឱកាសនេះ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ បានឧបត្ថម្ភថវិកាជូនស្រុក ឃុំ ក្រុមជាងសាងសង់ស្ពាន និងប្រជាពលរដ្ឋ សរុបចំនួន ១៥.០០០.០០០៛ (ដប់ប្រាំលានរៀល) ព្រមទាំងអញ្ជើញចុះពិនិត្យទីតាំងសាងសង់ស្ពានថ្មី ស្ពានព្រែកឆ្តោ និងបានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនបន្ថែមចំនួន ១០.០០០.០០០៛ (ដប់លានរៀល) សម្រាប់សាងសង់ស្ពានថ្មីនេះ ស្ថិតនៅភូមិព្រែកឆ្តោ ឃុំកំពង់អុស ស្រុកជលគិរី ដើម្បីបន្តការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅមូលដ្ឋាន និងសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។
ប្រភព៖ នាយកដ្ឋានព័ត៌មាន