





នាព្រឹកថ្ងៃទី២៧ ខែកក្ដដា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក អិនរីកូ-ហ្កាវេកល្យ៉ា (Enrico Gaveglia) តំណាងនិវេសនដ្ឋាននៃកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅសាលជំនួបរបស់ឯកឧត្តមអនុប្រធានទី១ផ្ទាល់ នៅវិមានសាមគ្គី ព្រឹទ្ធសភា។
ជាកិច្ចចាប់ផ្ដើម ឯកឧត្តមអនុប្រធានទី១ព្រឹទ្ធសភា បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះ ជំនួយឧបត្ថម្ភរបស់អង្គការUNDP អង្គការអន្តរជាតិ បណ្ដាស្ថាប័នផ្សេងទៀតរបស់អង្គការសហប្រជាជាតិក៏ដូចជាអង្គការក្រៅរដ្ឋាភិបាល ផ្តល់ជូនដល់កម្ពុជា នៅក្នុងដំណាក់កាលដ៏លំបាកបំផុតក្រោយថ្ងៃរំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។
ឯកឧត្តមអនុប្រធានទី១ បានវាយតម្លៃខ្ពស់ចំពោះការបន្តគាំទ្ររបស់អង្គការ UNDP នៅក្នុងវិស័យមួយចំនួនដូចជា អភិបាលកិច្ចល្អ ការពង្រឹងអំណាចយុវជន ភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងកម្មវិធីប្រចាំប្រទេសរបស់ UNDP នៅកម្ពុជាសម្រាប់ឆ្នាំ ២០២៤-២០២៨ ដែលផ្តោតលើកំណើនសេដ្ឋកិច្ចបៃតង សកម្មភាពអាកាសធាតុ និងការពង្រឹងស្ថាប័ន ព្រមទាំងចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ ឯកឧត្តមបានបន្ថែមថា កម្មវិធីជំនួយឧបត្ថម្ភរបស់អង្គការ UNDP ដល់កម្ពុជា បានរួមចំណែកដ៏សំខាន់ដល់ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការធ្វើឱ្យសម្រេច «គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ឆ្នាំ២០១៦-២០៣០» និងស្របតាម «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» របស់រាជរដ្ឋាភិបាល ព្រមទាំងបានថ្លែងអំណរគុណដល់អង្គការ UNDP ក្នុងការជួយដល់ការត្រៀមរៀបចំចាកចេញរបស់ប្រទេសកម្ពុជា ពីប្រទេសអភិវឌ្ឍន៍តិចតួច។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អ៊ុច បូររិទ្ធ បានជម្រាបជូនតំណាងអង្គការ UNDP ពីអាទិភាពចម្បងពីរនៃការងាររបស់ព្រឹទ្ធសភានីតិកាលទី៥ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឧត្តុងឧត្តមរបស់ សម្តេចតេជោ ហ៊ុន សែន ដែលក្នុងនោះការរួមប្រាស្រ័យកាន់តែជិតស្និទ្ធជាមួយអង្គបោះឆ្នោត ក្រុមប្រឹក្សាឃុំ សង្កាត់ មានសារៈសំខាន់ក្នុងការយល់ដឹងនិងរួមចំណែកដោះស្រាយសំណូមពររបស់ប្រជាជន ដែលជាសកម្មភាពការងារមួយស្របគ្នាជាមួយកម្មវិធីជំនួយរបស់អង្គការ UNDP ក្នុងការលើកស្ទួយសុខុមាលភាពរបស់ប្រជាជននៅតាមមូលដ្ឋានផងដែរ។ នៅក្នុងស្មារតីនេះឯកឧត្តមអនុប្រធានទី១ បានស្នើឱ្យមានកិច្ចសហប្រតិបត្តិការរវាងព្រឹទ្ធសភា និងអង្គការ UNDP ក្នុងការអនុវត្តកម្មវិធីជួយដល់ប្រជាជននៅតាមមូលដ្ឋាន និងការផ្លាស់ប្តូរបទពិសោធន៍ និងមុខជំនាញតាមរយៈការរៀបចំសិក្ខាសាលា ឬការរួមប្រជុំតុមូល។
ជាការឆ្លើយតប លោក អិនរីកូ-ហ្កាវេកល្យ៉ា (Enrico Gaveglia) តំណាងនិវេសនដ្ឋាននៃកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ប្រចាំកម្ពុជា បានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ UNDP ក្នុងនាមជាដៃគូរបស់កម្ពុជាក្នុងកិច្ចអភិវឌ្ឍ និងការគាំទ្របច្ចេកទេសនានាដើម្បីតម្រង់ទិស
ការចាកចេញរបស់កម្ពុជាពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួច (LDC) បើទោះបីបរិបទប្រព័ន្ធពហុភាគីសកលបច្ចុប្បន្ន កំពុងជួបប្រទះបញ្ហានិងការប្រែប្រួលដ៏ស្មុគស្មាញក៏ដោយ។ ផ្អែកលើអនុសាសន៍របស់ឯកឧត្តម
អនុប្រធានទី១ ក្នុងទិសដៅបង្កើនកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នព្រឹទ្ធសភា លោកតំណាង UNDP បានឯកភាពឱ្យមានការពិភាក្សានិងផ្លាស់ប្ដូរទស្សនៈលើប្រធានបទ ពាក់ព័ន្ធនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដើម្បីជួយគាំទ្រដល់មុខងារនីតិកម្ម និងបន្តជួយដល់កម្ពុជា ក្នុងនាមជាដៃគូគួរឱ្យទុកចិត្ត ក្នុងការអភិវឌ្ឍប្រទេសជាតិ។
ជាចុងបញ្ចប់ ឯកឧត្តមអនុប្រធានទី១ បានបញ្ជាក់ជាថ្មីម្ដងទៀតនូវការប្ដេជ្ញាចិត្តរបស់ព្រឹទ្ធសភាក្នុងការរក្សាកិច្ចសហប្រតិបត្តិការជាមួយ UNDP ដើម្បីគុណប្រយោជន៍ដល់ប្រជាជន ។
ខ្លឹមសារ៖ ខុទ្ទកាល័យឯកឧត្តមអនុប្រធានទី១ព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាន