ជំនួបពិភាក្សាការងាររវាងអន្តរគណៈកម្មការជំនាញព្រឹទ្ធសភា និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
 
ចែករំលែក ៖

ក្នុងក្របខណ្ឌនៃមុខងារនីតិកម្ម មុខងារតាមដានការអនុវត្តច្បាប់ និងមុខងារតំណាងប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ នេះ គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី (គណៈកម្មការទី៨) ដឹកនាំដោយ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការ និងគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន (គណៈកម្មការទី៥) ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង ប្រធានគណៈកម្មការ ដោយសហការជាមួយគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត នៃព្រឹទ្ធសភា (គណៈកម្មការទី១) បានអញ្ជើញជួបប្រជុំពិភាក្សាការងារជាមួយប្រតិភូក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដឹកនាំដោយ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា។
ជំនួបពិភាក្សាការងាអន្តរគណៈកម្មការរនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជាប្រធាន អនុប្រធាន លេខាធិការ សមាជិក សមាជិកា គណៈកម្មការនានារបស់ព្រឹទ្ធសភា ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងមន្រ្តីពាក់ព័ន្ធសរុបប្រមាណ ១៣៥នាក់។

កិច្ចប្រជុំពិភាក្សានេះ រៀបចំឡើងដើម្បីស្វែងយល់ស៊ីជ្រៅអំពីសមិទ្ធផលការងារដែលក្រសួងសម្រេចបានក្នុងឆ្នាំ២០២៥, ឆមាសទី១ ឆ្នាំ២០២៦ និងទិសដៅអនុវត្តបន្ត។ អង្គប្រជុំបានផ្លាស់ប្តូរយោបល់យ៉ាងផុសផុលដោយផ្តោតលើការងារពាក់ព័ន្ធសំខាន់ៗ មានដូចខាងក្រោម៖
១. ការអភិវឌ្ឍមុខរបរ និងការងារក្នុងប្រទេស ជាពិសេស កិច្ចខិតខំបង្កើតមុខរបរ និង ការងារជូនប្រជាពលរដ្ឋ
២. ការអនុវត្តអនុសាសន៍ទាំង ១០ ចំណុចរបស់ប្រមុខរាជរដ្ឋាភិបាល ជាពិសេស ការកំណត់ប្រាក់ឈ្នួលអប្បបរមា ការអភិវឌ្ឍ និងអនុវត្តរបបសន្តិសុខសង្គម (ប.ស.ស.)  ការគាំពារមាតានិងទារក
៣. ការគ្រប់គ្រងពលករ និងទេសន្តរប្រវេសន៍ ជាពិសេ ការគ្រប់គ្រងពលករខ្មែរកំពុងធ្វើការនៅបរទេស ការអនុវត្តកិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យការងារ និង យុទ្ធនាការ «ខ្មែរជួយខ្មែររកការងារឱ្យខ្មែរ» បានជួយពលករវិលត្រឡប់ពីថៃឱ្យមានការងារធ្វើ និង ប្រសិទ្ធភាពនៃការអនុវត្តច្បាប់ក្នុងវិស័យការងារ ជាពិសេស ពលករបរទេសនៅកម្ពុជា
៤. បដិវត្តកម្មការងារ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ (TVET) ដែលផ្តោតអាទិភាព ទៅលើ សិស្ស-យុវជន ក្នុងការទទួលបានការបណ្តុះបណ្តាលជំនាញ ជាពិសេស យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ។
៥.  ការធ្វើបច្ចុប្បន្នភាពក្របខ័ណ្ឌច្បាប់ និង លិខិតបទដ្ឋានគតិយុត្តិឱ្យស្របនឹងការវិវត្តនៃសេដ្ឋកិច្ច និងបទដ្ឋានអន្តរជាតិ និង
៦. ទិសដៅការងារជាយុទ្ធសាស្ត្រសម្រាប់ឆ្នាំ២០២៦ ។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ