ប្រជាពលរដ្ឋចំនួន៤០០គ្រួសារនៅស្រុកអូររាំង ទទួលបានចង្ក្រានសន្សំសំចៃថាមពលពីក្រុមសមាជិកាព្រឹទ្ធសភា
 
ចែករំលែក ៖

ក្រុមសមាជិកាព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានក្រុម និងជាអនុប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី រដ្ឋបាលស្រុកអូររាំង ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ប្រភេទ បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ  និងនាំយកចង្ក្រានសន្សំសំចៃថាមពលដែលជាអំណោយរបស់ក្រុមហ៊ុនស៊ីបកូ(SIPCO) ចែកជូនប្រជាពលរដ្ឋ ចំនួន៤០០គ្រួសារ នៅស្រុកអូររាំង ខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃសៅរ៍ ៩កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦។

លោកជំទាវប្រធាន បាននាំយកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឯកឧត្តមអនុប្រធានទី១ព្រឹទ្ធសភា និង ឯកឧត្តមបណ្ឌិតអនុប្រធានទី២ព្រឹទ្ធសភា ប្រកបដោយក្តីនឹករលឹកជូនដល់ប្រជាពលរដ្ឋនៅទូទាំងខេត្តមណ្ឌលគិរី។

លោកជំទាវប្រធាន បានលើកឡើងពីសភាពការណ៍ព្រំដែនកម្ពុជា-ថៃ និងថ្លែងអំណរគុណ ដឹងគុណយ៉ាងធំធេងចំពោះកងកម្លាំងគ្រប់ប្រភេទដែលឈរជើងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលបានលះបង់កម្លាំងកាយចិត្ត ដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដីជាតិ។

លោកជំទាវ បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋទាំងអស់ បន្តពង្រឹងសាមគ្គីភាព ឯកភាពគ្នាជាធ្លុងមួយ និងជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីការពារសុខសន្តិភាព ស្ថិរភាព និងអធិបតេយ្យជាតិ ឱ្យបានគង់វង្ស។

អំណោយដែលបានផ្តល់ជូនក្នុងឱកាសនោះ គឺបានមកពីការឧបត្ថម្ភរបស់ក្រុមហ៊ុន SIPCO  ជូនប្រជាពលរដ្ឋចំនួន៤០០គ្រួសារ ជាពិសេសបងប្អូនជនជាតិដើមភាគតិច ដើម្បីរួមចំណែកការពារបរិស្ថាន កាត់បន្ថយឧស្ម័នពុល ផលប៉ះពាល់ដល់សុខភាព ការចំណាយថវិកា និងចំណេញពេលវេលា ព្រមទាំងលើកកម្ពស់បរិស្ថាន។ ប្រជាពលរដ្ឋក្នុង១គ្រួសារៗ ទទួលបានចង្ក្រានសន្សំសំចៃថាមពលចំនួន១ សារុង១ និងថវិការបស់ឯកឧត្តមអភិបាលខេត្ត ព្រមទាំងបានឧបត្ថម្ភថវិកាដល់សមាគមនារីស្រុកអូររាំងចំនួន ១.០០០.០០០៛។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ