







កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម យស ផានីត្តា ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃព្រឹទ្ធសភា(គណៈកម្មការទី២) និងជាប្រធានគណៈប្រតិភូ រួមជាមួយ ឯកឧត្តម សន សារ៉ាណា សមាជិករដ្ឋសភា និងជាសមាជិកគណៈប្រតិភូ បានបន្តចូលរួមស្តាប់បឋកថា និងកិច្ចពិភាក្សា នៅសកលវិទ្យាល័យ UIBE។
ក្នុងអំឡុងពេលនៃកិច្ចពិភាក្សា ឯកឧត្តមប្រធាន បានចូលរួមផ្លាស់ប្តូរទស្សនទានយ៉ាងស៊ីជម្រៅលើប្រធានបទសំខាន់ពីរគឺ «ការកសាងបណ្តាញតភ្ជាប់ពហុវិមាត្រដើម្បីបើកច្រកផ្លូវអភិវឌ្ឍន៍សម្រាប់អាស៊ី» និង «ការជំរុញការតភ្ជាប់ឌីជីថល និងការកសាងផ្លូវសូត្រឌីជីថល»។ ឯកឧត្តម បានចូលរួមចែករំលែកនូវធាតុចូលសំខាន់ៗ ព្រមទាំងបានផ្លាស់ប្តូរមតិយោបល់ និងរឹតចំណងមិត្តភាពយ៉ាងស្និទ្ធស្នាលជាមួយវាគ្មិន និងបណ្តាប្រតិភូសភាអាស៊ានផ្សេងៗទៀត ដោយភាពស្និទ្ធស្នាល។
គណៈប្រតិភូ បានអញ្ជើញទៅទស្សនកិច្ចសិក្សានៅ «មជ្ឈមណ្ឌលអភិរក្សថាមពល និងការពារបរិស្ថានក្រុងប៉េកាំង» (Beijing Energy Conservation and Environmental Protection Center) ដើម្បីស្វែងយល់ជាក់ស្តែងអំពីការគ្រប់គ្រងបរិស្ថាន នវានុវត្តន៍ថាមពលស្អាត និងការអភិវឌ្ឍប្រកបដោយចីរភាព។
ការចូលរួមសិក្ខាសាលាលើកទី៣ នៃសមាជិកសភាអាស៊ាន នេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងរបស់សភាកម្ពុជា ក្នុងការលើកកម្ពស់តួនាទីលើឆាកអន្តរជាតិ ទាំងលើទិដ្ឋភាពគោលនយោបាយតភ្ជាប់តំបន់ ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងការស្រូបយកបទពិសោធន៍ថ្មីៗផ្នែកបច្ចេកវិទ្យាបៃតង ដើម្បីជាឧត្តមប្រយោជន៍ដល់ជាតិមាតុភូមិ។
ប្រភព៖ ខុទ្ទកាល័យឯកឧត្តម អនុប្រធានទី២ព្រឹទ្ធសភា