ឯកឧត្តម អ៊ុន វណ្ណា អញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកវរសេនីយ៍ឯក ទិត បូណែត
 
ចែករំលែក ៖

នារសៀលថ្ងៃអាទិត្យ ១០កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន វណ្ណា សមាជិកគណៈកម្មការ តំណាងឱ្យលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកវរសេនីយ៍ឯក ទិត បូណែត មេបញ្ជាការកងអនុសេនាធំបញ្ជូនសារ កងពលតូចអន្តរាគមន៍លេខ៩ កងពលធំអន្តរាគមន៍លេខ៣ ដែលបានទទួលមរណភាព កាលពីថ្ងៃសុក្រ ទី២១ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង១២:៤០នាទីរសៀល ក្នុងជន្មាយុ៥៤ឆ្នាំ ដោយត្រូវផ្សែងពុលនៅលើសមរភូមិប្រយុទ្ធការពារបូរណភាពទឹកដី ដែនអធិបតេយ្យជាតិ និងខ្សែបន្ទាត់ព្រំដែន ពីទង្វើរឈ្លានពានរបស់កងកម្លាំងប្រដាប់អាវុធថៃ នៅគេហដ្ឋាននៃសពភូមិសែនរុងរឿង២ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ការបាត់បង់ លោកវរសេនីយ៍ឯក ទិត បូណែត គឺការបាត់បង់ដ៏ធំធេងនូវស្វាមី ឪពុកបង្កើត បងប្រុស និងញាតិមិត្តនៃក្រុមគ្រួសារ ប្រកបទៅដោយសង្គហធម៌ និងព្រហ្មវិហារធម៌ ហើយក៏ជាការបាត់បង់នូវឥស្សរជនយោធាជួរមុខដ៏ឆ្នើមមួយរូប ពោរពេញទៅដោយភាពអង់អាចក្លាហាន មនសិការស្នេហាជាតិដ៏ពិតប្រាកដដែលបានធ្វើពលីកម្មគ្រប់បែបយ៉ាង និងការលះបង់យ៉ាងធំធេងក្នុងបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេសក្នុងបុព្វហេតុការពារជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ប្រកបដោយទឹកចិត្តភក្ដីភាពជាទីបំផុត។

ស្ថិតក្នុងក្ដីវិយោគដ៏សែនសោកសង្រេងនេះ ឯកឧត្តម បានសូមចូលរួមរំលែកទុក្ខដ៏ក្រៀមកក្រំ និងដោយសេចក្តីសង្វេគជាទីបំផុត និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ លោកវរសេនីយ៍ឯក ទិត បូណែត សូមបានចាប់បដិសន្ធិក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

ក្នុងឱកាសនោះ ឯកឧត្តម បាននាំយកនូវថវិកាមួយចំនួនចូលរួមបុណ្យដល់ក្រុមគ្រួសារនៃសព ផងដែរ៕

ប្រភព៖ ការិយាល័យ​ជំនួយការ​គណៈកម្មការ​ទី៨ព្រឹទ្ធសភា​​


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ