






នៅថ្ងៃពុធ ទី២ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង១៤:៣០នាទី គណៈប្រតិភូគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃព្រឹទ្ធសភា (គណៈកម្មការទី៩) ដឹកនាំដោយ ឯកឧត្តម អ៊ុ សារឹទ្ធ ប្រធានគណៈកម្មការ ដោយមានការអមដំណើរពី ឯកឧត្តម ម៉ា ស៊ុនហួត អនុរដ្ឋលេខាធិការនៃក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងសហការី បានអញ្ជើញចុះបេសកកម្មទស្សនកិច្ច និងពិនិត្យស្ថានភាពបច្ចេកទេសជាក់ស្តែងនៃ «គម្រោងសាងសង់ផ្លូវជាតិលេខ១៥៥១ (ផ្លូវជាតិលេខ១០)» ចាប់ពីខេត្តកោះកុង ឆ្ពោះទៅកាន់ខេត្តពោធិ៍សាត់(ប្រវែង៖ ១៩៨.៥១៨ គ.ម, ស្ពានខ្ពស់ជាងគេ៖ ៥៣០ម៉ែត្រ)។
សូមជម្រាបថា៖ ១- ប្រវត្តិ និងទំហំការងារសាងសង់៖
-ប្រវែងសរុប៖ ១៩៨.៥១៨ គីឡូម៉ែត្រ (ចាប់ពីផ្លូវជាតិលេខ ៥៧-៧ ត្រង់ PK 35+900 ស្ថិតក្នុងភូមិកាំញ៉ាត់ ឃុំស៊ីង ស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ រហូតដល់ផ្លូវជាតិលេខ ៤៨ ត្រង់ PK 1+700 ស្ថិតក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង)។
-ទំហំទុនវិនិយោគសរុប៖ ២៥២,០៧២,៧៤០.០០ ដុល្លារអាម៉េរិក (ក្នុងនោះឥណទានសម្បទានពីរដ្ឋាភិបាលចិន CEP Loan ៖ ១៩២,៧១២,៧៤០ ដុល្លារ និងថវិកាបដិភាគរាជរដ្ឋាភិបាលកម្ពុជា៖ ៥៩,៣៦០,០០០ ដុល្លារ)។
-ក្រុមហ៊ុនសាងសង់ និងទីប្រឹក្សា៖ សាងសង់ដោយក្រុមហ៊ុន China Road and Bridge Corporation (CRBC) និងពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន Guangzhou Wanan Construction Supervision Co.,Ltd (WACC)។
-កាលបរិច្ឆេទអនុវត្ត៖ ចាប់ផ្តើមការដ្ឋានថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ និងបានបញ្ចប់ការសាងសង់ ១០០% នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ (ប្រើរយៈពេលសរុប ៦៦ខែ) ដោយគ្រោងបញ្ចប់សុពលភាពនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦។
២-លក្ខណៈបច្ចេកទេស និងសំណង់សិល្បការ្យ៖
-ប្រភេទផ្លូវ៖ ក្រាលកៅស៊ូ DBST ទទឹង ៩ម៉ែត្រ មានស្រទាប់ Base Course កម្រាស់ 180mm និង Sub Base កម្រាស់ 320mm។
-ស្ពាន និងលូ៖ សាងសង់ស្ពានបេតុងសរុប ៣២ កន្លែង (ប្រវែងសរុប ២,៣២៥ម៉ែត្រ ក្នុងនោះ ស្ពានរំលងស្ទឹងខ្ពស់ជាងគេប្រវែង ៥៣០ម៉ែត្រ អនុវត្តបានប្រមាណ ៩០%), លូកាត់ទទឹងផ្លូវ ៤៧៨ កន្លែង (លូបំពង់ ៣៧៥, លូជ្រុង ៨៧, លូប្រអប់ ១៦) និងប្រឡាយរំដោះទឹកសរុបជាង ៣២២ គីឡូម៉ែត្រ។
-បរិក្ខារសុវត្ថិភាពចរាចរណ៍៖ បំពាក់ផ្លាកសញ្ញា ៧៧៦ កន្លែង, គំនូសផ្លូវជាង ៨៥,០០០ ម៉ែត្រការ៉េ, បង្គោលគីឡូម៉ែត្រ ១៩៨, របារសុវត្ថិភាព ជិត ៣០,០០០ ម៉ែត្រ និងស្ថានីយថ្លឹងជញ្ជីងថ្លឹងទម្ងន់រថយន្ត ២កន្លែង។
៣-ការគិតគូរអំពីបរិស្ថាន និងដំណោះស្រាយផលប៉ះពាល់៖
ក្នុងដំណើរការអនុវត្តគម្រោង រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់លើ ផលប៉ះពាល់បរិស្ថាន តាមរយៈការសម្របសម្រួលជាមួយអង្គការ WILD-AID ដោយបានកែប្រែខ្សែផ្លូវផ្លាស់ប្តូរទិសដៅ (តម្រាយផ្លូវ) ពី East Line មក West Line ប្រវែង ៦៥.៧៦ គីឡូម៉ែត្រ ដើម្បីចៀសវាងការប៉ះពាល់ដល់ជម្រកសត្វព្រៃ និងតំបន់ការពារធម្មជាតិ។ ការសម្រេចចិត្តនេះទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាល ដោយប្រើប្រាស់ថវិកាបដិភាគជាតិបន្ថែមប្រមាណ ២៥លានដុល្លារអាម៉េរិក។
៤-អត្ថប្រយោជន៍សេដ្ឋកិច្ច និងសង្គមដ៏មហាសាល៖
-តភ្ជាប់ច្រករបៀងសេដ្ឋកិច្ចខាងលិច៖ តភ្ជាប់ខេត្តភូមិភាគពាយ័ព្យ (បាត់ដំបង ពោធិ៍សាត់) ទៅកាន់ខេត្តតំបន់ឆ្នេរ (កោះកុង) ដោយផ្ទាល់ កាត់បន្ថយពេលវេលា និងកាត់បន្ថយថ្លៃដើមដឹកជញ្ជូនផលិផលកសិកម្ម និងទំនិញផ្សេងៗ។
-ផ្លូវពហុបំណង៖ បម្រើដល់ការដឹកជញ្ជូនផលិផលកសិ-ឧស្សាហកម្ម ឆ្ពោះទៅកាន់ កំពង់ផែសមុទ្រទឹកជ្រៅខេត្តកោះកុង និង កំពង់ផែស្វយ័តស្រែអំបិល។
-ជំរុញវិស័យទេសចរណ៍៖ បើកច្រកទេសចរណ៍ធម្មជាតិភ្នំ-សមុទ្រ ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យមកទស្សនាកម្សាន្តនៅតំបន់ជួរភ្នំក្រវ៉ាញ និងតំបន់ឆ្នេរ។
-លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ៖ ជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋទៅកាន់មណ្ឌលសុខភាព សាលារៀន និងទីផ្សារ ព្រមទាំងបង្កើតឱកាសការងារថ្មីៗ ចូលរួមកាត់បន្ថយភាពក្រីក្រយ៉ាងពិតប្រាកដ។
ប្រភព៖ នាយកដ្ឋានព័ត៌មាន