ព្រឹទ្ធសភាប្រកាសទទួលស្គាល់សមាជិកថ្មី និងឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់
 
ចែករំលែក ៖

នាព្រឹកថ្ងៃសុក្រ ទី៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ ដោយមានវត្តមានសមាជិកព្រឹទ្ធសភាចូលរួមចំនួន ៥៦រូប។ អង្គប្រជុំបានដំណើរការដោយមានរបៀបវារៈចំនួន២ ដូចខាងក្រោម៖
របៀបវារៈទី១៖ ប្រកាសទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី។ អង្គប្រជុំបានប្រកាសទទួលស្គាល់ លោកជំទាវ ទេព្វ សំអូន ជាសមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦ (ខេត្តព្រៃវែង និងខេត្តស្វាយរៀង) ជំនួស ឯកឧត្តម ទឹម ផន សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ និងជាលេខាធិការគណៈកម្មការទី៩ព្រឹទ្ធសភា ដែលបានទទួលមរណភាព។ លោកជំទាវនឹងត្រូវធ្វើសច្ចាប្រណិធានមុនចូលកាន់តំណែងផ្លូវការ។
របៀបវារៈទី២៖ ពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់។ សេចក្តីព្រាងច្បាប់នេះ រៀបចំឡើងដើម្បីកែលម្អរូបមន្ត ឬវិធីសាស្ត្រកំណត់មុខតំណែងថ្នាក់ដឹកនាំរដ្ឋបាលឃុំ សង្កាត់ ឱ្យកាន់តែសមស្របទៅនឹងស្ថានភាពជាក់ស្តែង ស៊ីសង្វាក់គ្នាជាមួយនឹងលទ្ធផលនៃការបោះឆ្នោត ឆន្ទៈរបស់ប្រជាពលរដ្ឋ និងបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈនៅមូលដ្ឋាន (ដោយមិនមានការកែប្រែប្រព័ន្ធបោះឆ្នោត ឬវិធីសាស្ត្របែងចែកអាសនៈឡើយ)។
បន្ទាប់ពីបានស្តាប់របាយការណ៍របស់ឯកឧត្តមបណ្ឌិត នាង ផាត ប្រធានគណៈកម្មការទី៤ព្រឹទ្ធសភា រាយការណ៍អំពីលទ្ធផលនៃការពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ និងការឡើងមានមតិរបស់សមាជិកព្រឹទ្ធសភាចំនួន៤រូប ព្រមទាំអការឆ្លើយបំភ្លឺពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់នេះដោយឥតកែប្រែ ក្នុងសំឡេង ៥៣សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល៕

ប្រភព៖នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ