
















នាព្រឹកថ្ងៃអាទិត្យ ២កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមសមាជិកាព្រឹទ្ធសភា ដឹកនាំដោយ លោកជំទាវមានសំអាន ប្រធានក្រុម និងជាអនុប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិសង្គហបណ្ឌិតម៉ែនសំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកចង្ក្រានសន្សំសំចៃថាមពលចែកជូនប្រជាពលរដ្ឋចំនួន ១,២០៣គ្រួសារ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ពិធីនេះដែរ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ ព្រមទាំងក្រុមប្រឹក្សាខេត្ត រដ្ឋបាលស្រុកព្រៃនប់ សមាគមនារីខេត្ត ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត និងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទយ៉ាងច្រើនកុះករ។
ក្នុងឱកាសនោះ លោកជំទាវប្រធាន បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខប្រកបដោយក្តីនឹករលឹក និងក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិសង្គហបណ្ឌិតម៉ែនសំអន ព្រមទាំងឯកឧត្តមអនុប្រធានទី១ និងឯកឧត្តមបណ្ឌិតអនុប្រធានទី២ នៃព្រឹទ្ធសភា ជូនចំពោះបងប្អូនប្រជាពលរដ្ឋនៅទូទាំងខេត្តព្រះសីហនុ។
ទន្ទឹមនឹងនេះ លោកជំទាវ បានលើកឡើងអំពីសភាពការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដោយបានថ្លែងអំណរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលកំពុងឈរជើងការពារព្រំដែន បានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ហ៊ានពលីជីវិតដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដីជាតិ។ លោកជំទាវ ក៏បានបន្តអំពាវនាវ និងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋ បន្តគាំទ្រពង្រឹងស្មារតី សាមគ្គីភាព ឯកភាពជាតិឱ្យបានរឹងមាំ និងជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និង សម្តេចធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីរួមគ្នារក្សាសុខសន្តិភាព ស្ថិរភាព និងអធិបតេយ្យជាតិឱ្យបានគង់វង្សទ្វេឡើង។
លោកជំទាវ ក៏បានសំណូមពរប្រជាពលរដ្ឋចូលរួមគាំទ្រ ក្នុងការអនុវត្តគោលនយោបាយនានារបស់រាជរដ្ឋាភិបាល និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋ អញ្ជើញទៅពិនិត្យឈ្មោះក្នុងបញ្ជីបោះឆ្នោត ក្មួយៗដែលមានអាយុគ្រប់១៥ឆ្នាំត្រូវទៅធ្វើអត្តសញ្ញាណបណ្ណ និងត្រៀមខ្លួនចុះឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៧ខាងមុខនេះឲ្យបានគ្រប់ៗគ្នា។
សូមបញ្ជាក់ថា អំណោយដែលបានចែកជូនប្រជាពលរដ្ឋនាពេលនេះ គឺជាការឧបត្ថម្ភពី ក្រុមហ៊ុនស៊ីបកូ (SIPCO) និងបានចែកជូនចំនួន១៨ខេត្តរួចហើយ នេះសបញ្ជាក់ឱ្យឃើញពីការចូលរួមចំណែកលើកម្ពស់ជីវភាពរស់នៅ ការពារបរិស្ថាន និងសុខុមាលភាព កាត់បន្ថយឧស្ម័នពុល ផលប៉ះពាល់ដល់សុខភាព សន្សំសំចៃថវិកា និងចំណេញពេលវេលា។ ក្នុងមួយគ្រួសារទទួលបានចង្ក្រានសន្សំសំចៃថាមពលចំនួន ១គ្រឿង ព្រមទាំងបានឧបត្ថម្ភថវិកាដល់សមាគមនារីស្រុកព្រៃនប់ ចំនួន ១.០០០.០០០៛។
ប្រភព៖ នាយកដ្ឋានព័ត៌មាន