




នារសៀលថ្ងៃអាទិត្យ ២កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឡាន់ ឆន អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ (ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ) តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ឯកឧត្តម ឆាយ វណ្ណា លេខាធិការក្រុម ឯកឧត្តម ស៊ាក ឡេង ឯកឧត្តម ស្លេះ ពុនយ៉ាមុីន និងឯកឧត្តម ជឹម លាវ សមាជិកក្រុម ព្រមទាំងមន្រ្តីអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ទូច ឆៃ សមាជិកក្រុមប្រឹក្សាខេត្តកំពង់ចាម នៅសង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។
ក្នុងវេលាដ៏សែនក្រៀមក្រំបំផុតនេះ ឯកឧត្តមអនុប្រធានក្រុម បានឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោកតាមបីបាច់ថែរក្សាដួងវិញ្ញាណក្ខន្ធ ឯកឧត្តម ទូច ឆៃ សមាជិកក្រុមប្រឹក្សាខេត្តកំពង់ចាម បានបដិសន្ធិក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
ក្នុងឱកាសនោះ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានចូលរួមថវិកាជាមួយគ្រួសារសពចំនួន១លានរៀល។
ប្រភព៖ នាយកដ្ឋានព័ត៌មាន