ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អមដំណើរដោយក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ (រាជធានីភ្នំពេញ) បានអញ្ជើញចុះជួបសំណេះសំណាល និងពិភាក្សាការងារជាមួយនឹងថ្នាក់ដឹកនាំខណ្ឌ និងសមាជិក សមាជិកាក្រុមប្រឹក្សាសង្កាត់ទាំង៦នៃខណ្ឌសែនសុខ រាជធានីភ្នំពេញ សរុប៨៩នាក់។ កិច្ចប្រជុំនេះប្រព្រឹត្តទៅ នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ នៅសាលប្រជុំខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្នុងគោលបំណងដើម្បីឈ្វេងយល់អំពីវឌ្ឍនភាពនៃសភាពការណ៍ជារួមក្នុងមូលដ្ឋានខណ្ឌសែនសុខ ពង្រឹងការអនុវត្តវិធានការប្រយុទ្ធ និងទប់ស្កាត់ជំងឺកូវីដ១៩ ជាពិសេសមេរោគបំប្លែងថ្មី ការងារសន្តិសុខសណ្តាប់ធ្នាប់ ការផ្តល់សេវាសាធារណៈ និងការត្រៀមលក្ខណៈរបស់ក្រុមប្រឹក្សាសង្កាត់ ក្នុងការចូលរួមសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ នៅពេលខាងមុខ។
ប្រភព៖ នាយកដ្ឋានព័ត៌មាន