ព្រឹកថ្ងៃពុធ ៤រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាសង្កាត់ និងស្មៀន ស្ថិតនៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដើម្បីស្តាប់របាយការណ៍រួមក្នុងមូលដ្ឋាន។ បន្ទាប់ពីបានស្តាប់សេចក្តីរាយការណ៍រួចមក ឯកឧត្តមប្រធាន បានសម្តែងការកោតសរសើរ និងលើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋានដែលបានខិតខំបំពេញការងារតាមតួនាទីភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់លើការងារសន្តិសុខសណ្តាប់ធ្នាប់ ការផ្តល់សេវាសាធារណៈ និងការចុះជួបជាមួយប្រជាពលរដ្ឋដោយផ្ទាល់ ដើម្បីទទួលបានព័ត៌មានពិត និងរួមគ្នាដោះស្រាយរាល់បញ្ហាប្រឈមនានា។ ធ្វើសកម្មភាពរួមគ្នា ដើម្បីទទួលបានជោគជ័យ យើងរួមគ្នា យើងប្រាកដជាឈ្នះគ្រប់សមរភូមិ ដើម្បីឧត្តមប្រយោជន៍ជាតិរបស់យើង។ នាឱកាសវេនកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ត្រូវផ្សព្វផ្សាយជូនប្រជាពលរដ្ឋប្រកាន់ឱ្យបានខ្ជាប់នូវវិធានការណែនាំរបស់ក្រសួងសុខាភិបាល។ ក្នុងឱកាសនោះក៏បានឧបត្ថម្ភនូវថវិកាមួយចំនួនផងដែរ។