នាថ្ងៃចន្ទ ទី១២ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ០៨:០០នាទីព្រឹក គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា បានប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិនិត្យសម្រេចលើរបៀបវារៈចំនួន០៣ រួមមាន៖ ១-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាន នៃព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី១០ព្រឹទ្ធសភា នីតិកាលទី៤។ ២-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី១០ព្រឹទ្ធសភា នីតិកាលទី៤។ ៣-កំណត់របៀបវារៈ និងកាលបរិច្ឆេទ បន្តសម័យប្រជុំលើកទី១០ ព្រឹទ្ធសភានីតិកាលទី៤។ បន្ទាប់ពីបានពិនិត្យនិងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានកំណត់យកថ្ងៃអង្គារ ទី១៣ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង០៨:០០នាទីព្រឹក ដើម្បីបន្តសម័យប្រជុំលើកទី១០ ព្រឹទ្ធសភា នីតិកាលទី៤ ដើម្បីពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងព្រាងច្បាប់ទាំងពីរខាងលើនេះ៕
ប្រភព៖ នាយកដ្ឋានព័ត៌មាន