កាលពីថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ ២០២៣ នៅសណ្ឋាគារSheraton Grand Tbilisi Metechi Palace នៃប្រទេស Géorgie ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ នៃព្រឹទ្ធសភា និងជាប្រធានគណៈប្រតិភូ បានអញ្ជើញ ចូលរួមកិច្ចប្រជុំគណៈកម្មការនយោបាយនៃសភាប្រើភាសាបារាំង (APF) ដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម Christophe-André Frassa ប្រធានគណៈកម្មការនយោបាយនៃ (APF) និងជាសមាជិកព្រឹទ្ធសភានៃសាធារណ រដ្ឋបារាំង និងមាន ២៩ ប្រទេសអញ្ជើញចូលរួម។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជា ជេដ្ឋ បានថ្លែងអំពីបច្ចុប្បន្នភាពនៃស្ថានភាពនយោបាយនៅកម្ពុជា ដែលក្នុងនោះអង្គការអន្តរជាតិប្រើភាសាបារាំង (OIF) បានជូនព័ត៌មានដល់អង្គប្រជុំ អំពីសមាសភាពគណៈប្រតិភូដែលនឹងអញ្ជើញចូលរួមសង្កេតការណ៍បោះឆ្នោតជាតិនៅកម្ពុជា ដែលក្នុងនោះមាន ៤ រូប ហើយAPF នឹងបញ្ជូនតែងតាំងសមាជិកសភា ១ រូប មកពីតំបន់អាស៊ីប៉ាស៊ីហ្វិក ផងដែរ។